បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទូចថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវតែបញ្ចប់នៅចុងឆ្នាំនេះ ។ ថ្លែងទៅកាន់មេដឹកនាំ G7 កាលពីថ្ងៃចន្ទ លោក Zelensky ក៏បានអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹងប្រឆាំង នឹងទីក្រុងមូស្គូ ថែមទៀតផងដែរ, នេះបើយោងតាម Reuters ដែលបានដកស្រង់សម្តីអ្នកការទូត EU ពីរនាក់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក តាមរយៈតំណភ្ជាប់វីដេអូ លោក Zelensky តាមសេចក្តីរាយការណ៍ បាននិយាយថា កងទ័ពអ៊ុយក្រែននឹង មានពេលវេលាកាន់តែលំបាក ក្នុងការប្រយុទ្ធជាមួយកង កម្លាំងរុស្ស៊ី នៅពេលដែលលក្ខខណ្ឌ រដូវរងាដ៏អាក្រក់ បានកើតឡើង ជំរុញឱ្យ G7 ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់ជម្លោះនៅចុងឆ្នាំនេះ ខណៈពេលដែលអ៊ុយក្រែន ក៏ស្នើសុំប្រព័ន្ធការពារ ប្រឆាំងយន្តហោះ ក៏ដូចជាការធានាសន្តិសុខផងដែរ ។

លោក Zelensky ក៏បានអង្វរករឱ្យមានការដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី ថែមទៀត និងទទូចថា វាចាំបាច់ “មិនបន្ថយសម្ពាធ” និងបន្តដាក់វិធានការ ដាក់ទណ្ឌកម្ម “ធ្ងន់” ៕
ប្រែសម្រួលៈ ណៃ តុលា
