ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី រុស្ស៊ី ឌីមេទ្រី ម៉េវ៉េឌីវ ថ្លែងថា ការឈ្លានពានមកលើឧបទ្វីបគ្រីមៀ ដោយរដ្ឋសមាជិក អង្គការ NATO ដូចជាបង្កើត ឲ្យមានសង្គ្រាម លោកលើកទី៣

រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) ត្រូវបានដកស្រង់សម្តី ដែលបានថ្លែងកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយ នៅលើឧបទ្វីបគ្រីមៀ ដោយរដ្ឋសមាជិក អង្គការ NATO អាចស្មើនឹងការ ប្រកាសសង្គ្រាម លើប្រទេសរុស្ស៊ី ដែលអាចនាំឱ្យមាន “សង្គ្រាមលោកលើកទី៣” ។

លោក ម៉េវ៉េឌីវ បានប្រាប់ដល់គេហទំព័រព័ត៌មាន Argumenty i Fakty ថា “សម្រាប់ពួកយើង គ្រីមៀ (Crimea) គឺជាផ្នែកមួយ នៃប្រទេសរុស្ស៊ី ។ ហើយវាមានន័យជារៀងរហូត ។ ការប៉ុនប៉ងណាមួយដើម្បីឈ្លានពានលើទ្វីប Crimea គឺជាការប្រកាសសង្រ្គាមប្រឆាំង នឹងប្រទេសរបស់យើង” ។

“ហើយប្រសិនបើនេះ ត្រូវបានធ្វើដោយរដ្ឋសមាជិកអង្គការ NATO នេះមានន័យថា ជម្លោះជាមួយសម្ព័ន្ធមិត្ត អាត្លង់ទិកខាងជើងទាំងមូល សង្គ្រាមលោកលើកទី៣ ពិតជាបង្កឲ្យមាន មហន្តរាយទាំងស្រុង” ។ លោកបានថ្លែងយ៉ាងដូច្នេះ ។

លោក ម៉េវ៉េឌីវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរបស់ប្រទេសរុស្ស៊ី ក៏បានថ្លែងផងដែរថា ប្រសិនបើហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយអង្គការ NATO រុស្ស៊ី នឹងពង្រឹងព្រំដែន របស់ខ្លួន ហើយនឹង “ត្រៀមខ្លួន សម្រាប់ជំហានសងសឹក” ហើយវាអាចរួមបញ្ចូលការ រំពឹងទុក នៃការដំឡើងមីស៊ីល Iskander លើកម្រិតកំណត់របស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top