បរទេស ៖ វិមានក្រឹមឡាំងបានលើកឡើងថា វានឹងមិនមានការខាតបង់ដ៏ធំ សម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីសមភាគី ហ្វាំងឡង់ គឺលោកប្រធានាធិបតី Sauli Niinisto បាននិយាយថា លោកនឹងមិនពិចារណាលេងវាយកូនហ្គោល លើទឹកកកម្តងទៀត ជាមួយមេដឹកនាំរុស្ស៊ីនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អ៊ីតាលី La Repubblica នៅសប្តាហ៍នេះ លោក Niinisto ត្រូវបានសួរអំពីការបង្ហាញខ្លួន កាលពីឆ្នាំ 2012 ជាមួយលោក ពូទីន នៅលើទឹកកក (លេងវាយហ្គោល លើទឹកកក) ហើយថាតើគាត់ នឹងធ្វើម្តងទៀតដែរឬទេ ។
អ្នកនយោបាយហ្វាំងឡង់រូបនេះ បានឆ្លើយតបថា “ទេ ខ្ញុំនឹងមិនលេងទៀតទេ” ដោយបន្ថែមថា គាត់មិនបានចាត់ទុកពូទីនជា “ដៃគូ” ទេ។
កាលពីថ្ងៃសុក្រ នៅពេលសួរ អំពីមតិយោបល់ សម្រាប់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ពីឥទ្ធិពល វិជ្ជមានដែលកីឡាអាច មានលើទំនាក់ទំនង ប៉ុន្តែបានបញ្ចេញ យោបល់ថា ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីននឹងមិនខកខានឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
