ព័ត៌មានអន្តរជាតិ

ប្រវត្តិដ៏អស្ចារ្យ! ស្ត្រីដំបូងគេបង្អស់ លើពិភពលោក ដែលបានធ្វើដំណើរ ទៅក្នុងលំហអវកាស ហោះឆ្វែលផែនដី៤៨ជុំ

លោកស្រី Valentina Vladimirovna Tereshkova ត្រូវបានគេស្គាល់ថា ជាស្ត្រីដ៏ក្លាហានម្នាក់ ហើយក៏ជាស្ត្រីដំបូងគេបង្អស់ នៅលើពិភពលោក ដែលបានធ្វើដំណើរ ទៅក្នុងលំហអវកាស ដោយជិះយានអវកាស Vostok 6 នៅឆ្នាំ ១៩៦៣ យ៉ាងជោគជ័យបំផុត នៅក្នុងប្រត្តិសាស្ត្រមនុស្សជាតិ ក្រោយគោចរឆ្វែលជុំវិញភពផែនដី បានចំនួន៤៨ជុំ ចំណាយពេល៧១ម៉ោង( ២ថ្ងៃ ២២ ម៉ោង និង៥០នាទី)និង បានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញ ដោយសុវត្តិភាព អតីតជំនាន់សហភាពសូវៀត។

លោកស្រី Valentina Vladimirovna Tereshkova កើតនៅថ្ងៃទី ៦ មីនា ឆ្នាំឆ្នាំ១៩៣៧ ក្នុងត្រកូលគ្រួសារកសិករ តែលោកស្រីជាមនុស្ស ដែលមានភាពក្លាហាន ចូលចិត្តសកម្មភាព ជិះឆ័ត្រយោងពីខ្ពស់ លុះដល់វ័យ២២ឆ្នាំ លោកស្រីក៏បាន ធ្វើការងារមួយជាអ្នកលោកឆ័ត្រយោង លើកដំបូងនៅក្លឹបអាកាសចរណ៍ មួយក្នុងជំនាន់នោះ។

អាចថាជា ជាភ័ព្វសំណាងឬក៏សមត្ថភាព របស់លោកស្រី នាពេលនោះទីភ្ញាក់ងារអវកាស របស់សហភាពសូវៀត បានជ្រើសរើសស្ត្រីម្នាក់ មកហាត់រៀនបន្ថែម ក្នុងគោលបំណងបំបែកឯកត្តកម្ម យកស្រ្តីបញ្ជូនឡើង ទៅកាន់ទីអវកាស ឲ្យបានមុនសហរដ្ឋអាមេរិក ដូចទៅនឹងលោក Yuri Gagarin បុរសទី១ដំបូង របស់សហភាពសូវៀតដែរ ដែលបានធ្វើដំណើរឡើង ទីអវកាសមុនគេលើពិភពលោក។

ទីបំផុតដោយសារលោកស្រីជាស្ត្រី ដែលមានទេពកោសល្យ និងមត្ថភាពពូកែខាងលោតឆ័ត្រឆោង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ ក្រោយពីការបាញ់យាន អវកាស Vostok 6 ជិះឆ្វែលជុំវិញភពផែនដី បានចំនួន៤៨ជុំ និងត្រឡប់ចុះមកវិញ លោកស្រ្តីបានទម្លាក់ខ្លួន ដោយប្រើឆ័ត្រយោង រយ:កម្ពស់ជាងជិត៧គីឡូម៉ែត្រ ដោយជោគជ័យមកដល់ដីវិញ។

សូមជម្រាបថា ការបាញ់យានអវកាស ទៅក្នុងអវកាសនេះ នាឆ្នាំ១៩៦៣ គឺ លោកស្រីជាអ្នកជិះ Vostok 6 ចំណែកឯលោក Valeri Bykovsky ជាអ្នកជិះ Vostok 5 ដោយបាញ់ពីរយានអវកាសព្រមៗគ្នា ហើយ យានអវកាសទាំង២នេះ មិនបានបញ្ជាដោយផ្ទាល់ដៃនោះទេ គឺ ខាងសហភាពសូវៀត បានបញ្ជាប្រព័ន្ធដំណើរស្វ័យប្រវត្តិ ។

ក្រោយបញ្ចប់បេសកម្មដ៏អស្ចារ្យ សម្រាប់មនុស្សជាតិមួយនេះ លោកស្រី Valentina Vladimirovna Tereshkova បានទទួលការកើតសរសើរ និងពានរង្វាន់ពីសហភាពសូវៀត ពិសេសបានឡើងតំណែងជា សមាជិកសភារបស់សហភាពសូវៀត នាពេលនោះផងដែរ។ Source: Sabay

Most Popular

To Top