យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា សាកលវិទ្យាល័យ Haifa (UH) នៅភាគខាងជើង ប្រទេសអ៊ីស្រាអ៊ែល បានប្រកាស កាលពីថ្ងៃអាទិត្យថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអ៊ែល បានប្រមូលផ្តុំឡើងវិញ នូវពាងបុរាណចំនួន៣ ដែលមានអាយុកាលប្រហែល៣.៥០០ឆ្នាំមុន ។
បំណែក នៃពាងទាំង៣ ដែលមានកម្ពស់ប្រហែល១ម៉ែត្រ ត្រូវបានគេរកឃើញ នៅទីតាំងបុរាណវត្ថុ Tel Esur នៅភាគខាងជើង ប្រទេសអ៊ីស្រាអ៊ែល ក្នុងឆ្នាំ២០១១ នេះបើយោងតាមសាកលវិទ្យាល័យ UH បានឲ្យដឹងដូច្នេះ ។
ភស្តុតាងនៃការតាំងទីលំនៅពី យុគសម័យសំរិទ្ធដំបូង ប្រហែល៤.០០០ឆ្នាំមុន ដល់សម័យ Hellenistic ក្នុងប្រទេសអ៊ីស្រាអ៊ែលបុរាណ ដែលបានបញ្ចប់នៅសតវត្សទី១មុនគ.ស ត្រូវបានរកឃើញ នៅកន្លែងនោះ ។
ពាងត្រូវបានគេរកឃើញ នៅក្នុងអគារមួយកន្លែង ដែលប្រហែលជាបម្រើជាស្ថានីយ៍ ដឹកជញ្ជូនសម្រាប់ក្បួនរថយន្តអេហ្ស៊ីប ដែលធ្វើដំណើរ ពីទីក្រុងគ្រប់គ្រង របស់អេហ្ស៊ីបចំនួន២ក្នុងប្រទេស អ៊ីស្រាអ៊ែល បុរាណ គឺទីក្រុង Jaffa និង Beit She’an ដែលស្ថិតនៅភាគខាងត្បូង នៃសមុទ្រកាលីឡេ ។
ដោយសារទំហំនៃពាង អ្នកស្រាវជ្រាវបានសន្មត់ថា វាត្រូវបានគេប្រើសម្រាប់ ទុកគ្រាប់ធញ្ញជាតិ ឬវត្ថុរាវដូចជាប្រេង និងស្រា ។
អ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យ UH លោក Roee Shafir បានឲ្យដឹងថា “សំណាងល្អគ្រប់ផ្នែកទាំងអស់ ត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់យើងក្នុងការប្រមូលផ្តុំ ” បន្ទាប់ពីដំណើរការយ៉ាងតឹងរ៉ឹង រយៈពេល៨ខែ វាពិតជារំភើបណាស់ ក្នុងការឃើញលទ្ធផល និងធ្វើឱ្យមានជីវិតឡើងវិញ ។ ពាងពីប្រហែលមានអាយុ កាល៣.៥០០ឆ្នាំមុន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា