បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអេស្បាញ បានបើកប្រតិបត្តិការ ចាប់បាននូវនាវាបើកបរ ក្រោមទឹកដោយខ្លួនឯង ចំនួន៣គ្រឿង ដែលប្រើប្រាស់សម្រាប់ធ្វើការរត់ពន្ធ គ្រឿងញៀឆ្លងកាត់សមុទ្រ និងមានប្រភពចេញពី ប្រទេសម៉ារ៉ុក។
នាវាមុជទឹកដ្រូនទាំង៣ប្រភេទ មានរូបរាងចម្លែក និងជាវត្ថុតាងដំបូងនៃគំរូបែបនេះ ដែលអេស្បាញមិនធ្លាប់ប្រទះឃើញ នាពេលកន្លងមក ហើយវាមានទំងន់ប្រមាណ ជា២០០គីឡូក្រាម ក្នុងមួយគ្រឿងហើយសង្ស័យថា ត្រូវបានប្រើប្រាស់ ដើម្បីចែកចាយគ្រឿងញៀន នៅច្រើនកន្លែងទៀត ក្នុងតំបន់អឺរ៉ុបផងដែរ។
ប៉ូលីសបានបន្ថែមទៀតថា នេះគឺជាលើកដំបូងហើយ ដែលពួកគេបានចាប់បានឧបករណ៍ ដឹកគ្រឿងញៀននៅក្រោមទឹកបែបនេះ ហើយអះអាងថាវាមានសមត្ថភាព អាចផ្ទុកសារធាតុញៀន បានច្រើនបំផុតក្នុងការធ្វើដំណើរ ជាពិសេសតាមច្រកសមុទ្រ Gibraltar ។
គួរឲ្យដឹងដែរថាច្រកសមុទ្រ Gibraltar គឺជាច្រកសមុទ្រ ដែលមានភាពចង្អៀតខ្លាំង ដែលខណ្ឌចែកប្រទេសអេស្បាញ និងប្រទេសម៉ារ៉ុក៕ ប្រែសម្រួល៖ស៊ុនលី