មីយ៉ាន់ម៉ា នឹងធ្វើការផ្ញើលិខិត សុំអភ័យទោស ចំពោះ យន្តហោះចម្បាំងរបស់ខ្លួន ដែលធ្វើការហោះរំលោភចូល ដែនអាកាសរបស់ប្រទេសថៃ។ នេះបើតាមយោងតាមការចុះផ្សាយរបស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ។

រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai បានឱ្យដឹងថា រូបលោកបានជួបជជែក ជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅក្នុងកិច្ចប្រជុំមេគង្គឆានឡាង កាលពីពេលថ្មីៗនេះ អំពីបញ្ហាដែលក្តៅ នៅព្រំដែន ថៃ-មីយ៉ាន់ម៉ា។

ក្រោយពីបានជួបពិភាក្សាគ្នាមក ភាគីថៃ បានឱ្យដឹងថារដ្ឋមន្រ្តីការបរទេស មីយ៉ាន់ម៉ា បានសម្តែងការសុំអភ័យទោស ដោយលើកឡើងថា យន្តហោះចម្បាំងមីយ៉ាន់ម៉ា ដែលហោះរំលោភចូល ដែនអាកាសរបស់ថៃ គឺជាកំហុសអចេតនា ហើយភាគីខាងមីយ៉ាន់ម៉ា នឹងផ្ញើលិខិតសុំទោសផងដែរ៕
