ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ីគំរាមវាយលុកអ៊ុយក្រែន ទ្រង់ទ្រាយធំ ខណៈអាមេរិក ដាក់សម្ពាធដល់ចិន ឲ្យមានជំហរជុំវិញសង្រ្គាម

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមអ្នកការពារអ៊ុយក្រែន បានប្រយុទ្ធគ្នានៅថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់កងកម្លាំងរុស្ស៊ី នៅតាមបណ្តោយជួរមុខ ខណៈសហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសចិន ឱ្យសម្របខ្លួនជាមួយនឹងលោកខាងលិចក្នុងការប្រឆាំង នឹងការឈ្លានពានបន្ទាប់ពីកិច្ចប្រជុំក្រុម G20 ។ ក្រុមមន្ត្រីបានលើកឡើងដូច្នេះ ។

អភិបាលក្រុងបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលលើទីក្រុង Kharkiv ភាគឦសានបានធ្វើឱ្យជនស៊ីវិល៣នាក់ រងរបួស ទោះបីជាការវាយប្រហារចម្បងរបស់រុស្ស៊ី បានផ្តោតទៅលើភាគអាគ្នេយ៍នៃទីក្រុង Luhansk និង Donetsk ក៏ដោយ ។

ខេត្តទាំង២នោះ ដែលផ្នែកខ្លះត្រូវបានកាន់កាប់ ដោយក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី មុនជម្លោះបានចាប់ផ្តើមក្នុងខែកុម្ភៈ រួមមានតំបន់ឧស្សាហកម្មភាគខាងកើតនៃ Donbas ។

មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មានការវាយប្រហារទាំង២កាលពីថ្ងៃសៅរ៍ ខណៈដែលក្រសួងការពារជាតិអង់គ្លេស បានលើកឡើងថា ក្រុងម៉ូស្គូកំពុងប្រមូលផ្តុំកងកម្លាំងបម្រុង មកពីទូទាំងប្រទេសរុស្ស៊ី នៅជិតអ៊ុយក្រែន ។

អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បានលើកឡើងនៅលើសេវាផ្ញើសារ Telegram ថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើទីក្រុង Druzhkivka ដែលជាទីក្រុងនៅពីក្រោយជួរមុខ ហើយបានរាយការណ៍ពីការបាញ់ផ្លោង ទៅលើមជ្ឈមណ្ឌលប្រជាជនផ្សេងទៀត ។

អភិបាលក្រុង Luhansk លោក Serhiy Gaidai បានលើកឡើងនៅលើ Telegram ថា កងកម្លាំងរុស្ស៊ីកំពុង “បាញ់នៅតាមជួរមុខទាំងមូល” ទោះបីជាការវាយប្រហារ តបតរបស់អ៊ុយក្រែនជាបន្តបន្ទាប់ ដែលបានវាយប្រហារហាងលក់អាវុធ និងគ្រាប់រំសេវបានបង្ខំឱ្យក្រុងម៉ូស្គូបញ្ឈប់ការវាយលុករបស់ខ្លួនក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top