គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងឲ្យដឹងតាមបណ្តាញសង្គម Telegram ថា ប្រទេសអ៊ុយក្រែន នឹងទទួលបានជំនួយឥតសំណងចំនួន១,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីម្ចាស់ជំនួយអន្តរជាតិ ។
លោក Shmyhal បានថ្លែងថា ទឹកប្រាក់ទាំងនេះនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិទុកចិត្ត ម្ចាស់ជំនួយតែមួយ ដែលបង្កើតឡើង ដោយធនាគារអន្តរជាតិ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ សមាគមអភិវឌ្ឍន៍អន្តរជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ។
មូលនិធិនេះនឹងត្រូវបានប្រើដើម្បីរ៉ាប់រង ការចំណាយថវិការបស់អ៊ុយក្រែន លើសេវាវេជ្ជសាស្រ្តក្រោមកម្មវិធីធានា ផ្នែកវេជ្ជសាស្រ្តផងដែរ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhiy Marchenko បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ សាធារណៈមួយកាលពីខែមុនថា ក្រុងគៀវ គ្រោងនឹងរៃអង្គាសប្រាក់ចំនួន២០ពាន់លានដុល្លារ ជាជំនួយអន្តរជាតិ ពីដៃគូលោកខាងលិចរបស់ខ្លួននៅចុងឆ្នាំ២០២២នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា