ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា បញ្ជាក់ថា លោកនឹងលាលែងតំណែង តាមការគ្រោងទុក

កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានជូនដំណឹងជាផ្លូវការដល់នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថាលោកនឹងបន្តការលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា ដូចដែលបានប្រកាសពីមុន។

លោក Rajapaksa បានជូនដំណឹងដល់ប្រធានសភាកាលពីថ្ងៃសៅរ៍ថា លោកនឹងចុះចេញពីតំណែងប្រធានាធិបតីនៅថ្ងៃពុធ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃចន្ទ ហើយក្រោយមកនឹងជួបមេដឹកនាំគណបក្សនយោបាយទាំងអស់ ដើម្បីពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខ។

លោក Wickremesinghe ក៏បានយល់ព្រមលាលែងពីតំណែងផងដែរ បន្ទាប់ពីមេដឹកនាំគណបក្សបានជំរុញទាំងរូបលោក និងប្រធានាធិបតីឱ្យលាលែងពីតំណែង ខណៈដែលក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យរបស់ប្រធានាធិបតីកាលពីថ្ងៃសៅរ៍៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top