តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក តែងតែបន្តគម្រោងនៃការរីករាលដាលអាវុធប្រល័យរបស់អ៊ីរ៉ង់ ជាមធ្យោបាយមួយ ដើម្បីលក់អាវុធរបស់ខ្លួន និងទទួលបានប្រាក់ចំណេញកាន់តែច្រើន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។
លោក Homayoun Sameyah Najafabadi បានលើកឡើងថា ចាប់តាំងពីការទទួលជ័យជម្នះនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់មក សហរដ្ឋអាមេរិ កបាននិងកំពុងអនុវត្តគម្រោងនេះ ជាពិសេសនៅកម្រិតតំបន់។
សមាជិកសភារូបនេះបានបន្ដថា សហរដ្ឋអាមេរិកកំពុងព្យាយាមបំពុល បរិយាកាសជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីអាក្រក់ពីអ៊ីរ៉ង់ក្នុងទម្រង់ថ្មីមួយ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែបង្ហាញឱ្យឃើញថា ខ្លួនពេញចិត្តនឹងការសន្ទនា និងអន្តរកម្ម ខណៈដែលសហរដ្ឋអាមេរិក បានខកខានមិនបានគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងឱកាសជាច្រើន។
ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែឧសភា ឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកប្រទេសរបស់លោកជាឯកតោភាគីចេញពី JCPOA និងបានដាក់ទណ្ឌកម្មឡើងវិញរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើទីក្រុងតេអេរ៉ង់។
ការចរចាដើម្បីធ្វើឱ្យ JCPOA រស់ឡើងវិញដំបូងបានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា