រដ្ឋបាលរបស់លោក Biden បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនយន្តហោះដ្រូន រាប់រយគ្រឿង ទៅកាន់រុស្សី រួមទាំងអាវុធយោធា មួយចំនួនទៀត ខណៈក្រុងមូស្គូ នៅតែបន្តវាយប្រហារ ភាគខាងកើតប្រទេសអ៊ុយក្រែន ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន USA Today នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ។
តាមប្រភពខាងលើបានបញ្ជាក់ថា អ៊ីរ៉ង់ នឹងធ្វើការហ្វឹកហាត់ របៀបប្រើប្រាស់យន្តហោះដ្រូន ទៅកាន់កងទ័ពរុស្សីផងដែរ ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ជឿជាក់ថា អ៊ីរ៉ង់ មានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រទេសរុស្សី ខណៈដែលប្រទេសនេះ កំពុងបន្តប្រតិបត្តិការយោធា របស់ខ្លួននៅក្នុង ប្រទេសអ៊ុយក្រែន ។
អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេនឹងធ្វើការស៊ើបអង្កេត ទៅលើសង្គ្រាម របស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន ពាក់ព័ន្ធជាមួយនឹងបញ្ហាការ ប្រើប្រាស់ហិង្សា ចំពោះកុមារ រួមទាំងការសម្លាប់ជនស៊ីវិល ករណីរំលោភ និង ការបៀតបៀនផ្លូវភេទ គ្រប់រូបភាពផងដែរ៕