វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ថា យោធាអាមេរិក បានលើកឡើង នៅថ្ងៃអង្គារថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី ដែលជាមេដឹកនាំកំពូលមួយរូប ក្នុងចំណោមមេដឹកនាំ កំពូលទាំង៥ នៃក្រុមសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា លោក Maher al-Agal ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅភាគពាយព្យនៃប្រទេសស៊ីរី ហើយសហការីជិតស្និទ្ធ របស់គាត់ម្នាក់បានរងរបួសធ្ងន់ ។
សេចក្តីថ្លែងការណ៍បានដាក់ថា “ការធ្វើផែនការយ៉ាងទូលំទូលាយ បានចូលទៅក្នុងប្រតិបត្តិការនេះ ដើម្បីធានាបាននូវការប្រតិបត្តិប្រកបដោយជោគជ័យ ។ ការត្រួតពិនិត្យដំបូងបង្ហាញថា មិនមានជនស៊ីវិលស្លាប់ បាត់បង់ជីវិតនោះទេ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក al-Agal ជាអ្នកទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍បណ្តាញរដ្ឋអ៊ីស្លាម នៅខាងក្រៅអ៊ីរ៉ាក់ និងស៊ីរី ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅមុននេះ អំពីការសម្លាប់នេះ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិក ។
ករណីនេះនឹងក្លាយជាការប៉ះទង្គិចមួយផ្សេងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមបះបោរ ក្នុងការរៀបចំឡើងវិញជាកងកម្លាំងទ័ពព្រៃ បន្ទាប់ពីបាត់បង់ទឹកដីដ៏ធំ ។
សហរដ្ឋអាមេរិក មានកង ទ័ពប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលភាគច្រើននៅភាគខាងកើត នៃប្រទេស ដែលត្រូវបានបំបែក ដោយសង្រ្គាមស៊ីវិល១ ទសវត្សរ៍ ទោះបីជារដ្ឋបាល របស់ប្រធានាធិបតី ចូ បៃដិន មិនទាន់បានរៀបរាប់លម្អិត អំពីផែនការរយៈពេលវែងរបស់ខ្លួន សម្រាប់បេសកកម្មរយៈពេល៨ឆ្នាំក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា