បរទេស ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់សហរដ្ឋអាមេរិក លោក Jake Sullivan បានធ្វើការអះអាង កាលពីថ្ងៃអង្គារម្សិលមិញនេះថា អ៊ីរ៉ង់កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្គត់ផ្កង់ យន្តហោះដ្រូន ជាច្រើនរយគ្រឿងទៅឲ្យ ប្រទេសរុស្សីព្រមទាំងអាវុធ មួយចំនួនទៀតផង ពីព្រោះថា រុស្សីបានបាត់បង់ជីវិតយោធា ច្រើនពេកនៅអ៊ុយក្រែន ។
ប្រភពដដែល បានបន្តទៀតថា ការបញ្ជូនដ្រូន ទំនងជាបានធ្វើឡើង រួចរាល់ទៅហើយហើយអះអាងទៀតថា ក្រុមកងកម្លាំងយោធារបស់រុស្សី ក៏នឹងត្រូវទទួលបានការហ្វឹកហាត់ ក្នុងការប្រើប្រាស់យន្តហោះដ្រូន ទាំងនោះផងដែរ ចាប់ពីខែក្រោយនេះតទៅ ។
មន្ត្រីអាមេរិក បានហៅព័ត៌មាននេះ ជាព័ត៌មានដ៏មានតម្លៃ និងគួរឲ្យកត់សំគាល់បំផុតទាំង ដែលមិនបានផ្តល់ភស្តុតាង លំអិតថា តើអាមេរិកអាចសន្និដ្ឋានបែបនេះ ដោយវិធីសាស្ត្រអ្វីឬ ដោយប្រភពណានោះឡើយ ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ទាំងរុស្សីនិងអ៊ីរ៉ង់ នៅមិនទាន់មានភាគីណាឆ្លើយតប ទៅនឹងព័ត៌មានទាំងនេះឡើយ ប៉ុន្តែគេដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេស អ៊ីរ៉ង់នៅសប្តាហ៍ ក្រោយនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី