វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើតេស្តដោយជោគជ័យនូវប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងរបស់ក្រុមហ៊ុន Lockheed Martin Corp ចំនួន២នាពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ី និងចិនទទួលបានជោគជ័យបន្ថែមទៀតក្នុងការអភិវឌ្ឍអាវុធលឿនជាងសំឡេងផ្ទាល់ខ្លួនរបស់ពួកគេ ។
កងទ័ពអាកាសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានសាកល្បងដោយជោគជ័យនូវឧបករណ៍ជំរុញការឆ្លើយតបរហ័សតាមអាកាសហៅកាត់ថា (ARRW) របស់ខ្លួនកាលពីថ្ងៃអង្គារ នៅឯឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា ។ ទីភ្នាក់ងារ Reuters បានរាយការណ៍ពីការសាកល្បង ARRW នៅព្រឹកថ្ងៃពុធ ដែលក្នុងនោះ ឧបករណ៍ជំរុញត្រូវបានដាក់នៅពីលើស្លាបរបស់យន្តហោះ B-52H មុនពេលវាត្រូវបានដាក់ឱ្យដំណើរការ ។ ក្នុងការសាកល្បងលើកមុន អាវុធមិនបានដកខ្លួនចេញពីយន្តហោះនោះទេ។
ក្រុមហ៊ុន Lockheed បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើតេស្តជោគជ័យលើកទី២នេះបង្ហាញពីសមត្ថភាពរបស់ ARRW ក្នុងការឈានទៅដល់ និងទប់ទល់នឹងល្បឿនប្រតិបត្តិការលឿនជាងសំឡេង ប្រមូលទិន្នន័យសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្តហោះហើរបន្ថែមទៀត និងធ្វើឱ្យមានសុពលភាពការបំបែកចេញដោយសុវត្ថិភាពពីយន្តហោះ” ។
ឧត្តមសេនីយទោ Heath Collins មន្ត្រីប្រតិបត្តិកម្មវិធីនៃនាយកដ្ឋានសព្វាវុធ បានលើកឡើងថា “ឥឡូវនេះ យើងបានបំពេញនូវស៊េរីការសាកល្បង booster របស់យើង ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកការធ្វើតេស្តគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំនេះ” ។
គាត់បានបញ្ជាក់ថា “គ្រប់ជ្រុងជ្រោយ” រួមមាន ប៊ូសទ័រ (booster) និងក្បាលគ្រាប់ ។
គួរបញ្ជាក់ថា អាវុធ Hypersonic ឬហៅថា ល្បឿនលឿនជាងសំឡេងនេះ ធ្វើដំណើរក្នុងបរិយាកាសខាងលើក្នុងល្បឿនជាង៥ដងនៃល្បឿនសំឡេង ឬប្រហែល៦.២០០គីឡូម៉ែត្រក្នុង១ម៉ោង ។
នៅក្នុងការសាកល្បងអាវុធលឿនជាងសំឡេងដាច់ដោយឡែក ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិ ហៅកាត់ថា (DARPA) បានបញ្ជាក់ថា ខ្លួនបានអនុវត្តការសាកល្បងដំបូងដោយជោគជ័យនៃអាវុធល្បឿនលឿនជាងសំឡេងនៃការធ្វើប្រតិបត្តិការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា