គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយយោធាលើកទី៥ សម្រាប់ទីក្រុងគៀវ ដែលមានតម្លៃ ៥០០ លានអឺរ៉ូ (៥០៧,៧លានដុល្លារអាមេរិក) ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ។
លោក Kuleba បានសរសេរថា “អាវុធ៖ អរគុណសម្រាប់ការបន្ថែម ៥០០ លានអឺរ៉ូនៅក្រោមមូលនិធិ EPF” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានអំពាវនាវឱ្យសហភាពអឺរ៉ុប ផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន និងបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងការហ៊ុមព័ទ្ធថាមពល ការកំណត់តម្លៃប្រេង និងការហាមប្រាមគ្រប់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ីទាំងអស់។
ជាមួយនឹងការរួមចំណែកនេះ ជំនួយយោធាសរុបដែលបានបែងចែក ដោយសហភាពអឺរ៉ុបដល់អ៊ុយក្រែន មានចំនួន ២,៥ពាន់លានអឺរ៉ូ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា