ព័ត៌មានអន្តរជាតិ

លោក ពូទីន ជួបពិភាក្សា ជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ជាលើកដំបូង ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន

ឌូបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានពិភាក្សាជាមួយមេដឹកនាំកំពូល Ayatollah Ali Khamenei ក្នុងប្រទេសអ៊ីរ៉ង់ ដែលជាដំណើរលើកដំបូង របស់មេដឹកនាំវិមានក្រឹមឡាំង នៅខាងក្រៅអតីតសហភាពសូវៀត ចាប់តាំងពីការឈ្លានពាន របស់ទីក្រុងម៉ូស្គូ ថ្ងៃទី២៤ ខែកុម្ភៈ មកលើប្រទេសអ៊ុយក្រែន ។

នៅទីក្រុងតេហរ៉ង់ លោក ពូទីន ក៏បានជួបប្រជុំទល់មុខគ្នា ជាលើកដំបូងចាប់តាំងពីមានការឈ្លានពាន ជាមួយមេដឹកនាំ NATO លោក Tayyip Erdogan របស់ប្រទេសតួកគី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង ដែលនឹងបន្តការនាំចេញ គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ របស់អ៊ុយក្រែន ក៏ដូចជាជម្លោះ នៅភាគខាងជើងស៊ីរី ផងដែរ ។

គួរបញ្ជាក់ថា ដំណើររបស់លោក ពូទីន ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអ៊ែល និងអារ៉ាប៊ីសាអូឌីត ផ្ញើសារដ៏ខ្លាំងមួយទៅកាន់លោកខាងលិច អំពីផែនការរបស់ទីក្រុងម៉ូស្គូ ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ កាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចិន និងឥណ្ឌា ប្រឈមមុខនឹងទណ្ឌកម្ម របស់លោកខាងលិចនោះ ។

លោក Khamenei បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ រយៈពេលវែងរវាងអ៊ីរ៉ង់ និងរុស្ស៊ី ដោយប្រាប់ដល់លោក ពូទីន ថា ប្រទេសទាំង២ចាំបាច់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹង “ការបោកបញ្ឆោតលោកខាងលិច” ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ដូច្នេះ ។

លោកបានថ្លែងថា លោក ពូទីន បានធានាឱ្យប្រទេសរុស្ស៊ី “រក្សាឯករាជ្យភាពរបស់ខ្លួន” ពីសហរដ្ឋអាមេរិក ហើយថា ប្រទេសនានាគួរតែចាប់ផ្តើម ប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ពួកគេ នៅពេលធ្វើពាណិជ្ជកម្មទំនិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top