ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សារភាពថាខ្លួន មិនអាចផ្តល់ច្រើនទៀត ដល់អ៊ុយក្រែននោះទេ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៊ែរឡាំងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រអ៊ុយក្រែន នាពេលអនាគត ប៉ុន្តែទាក់ទងនឹងការផ្គត់ផ្គង់សព្វាវុធ គឺខ្លួនមិនអាច “ផ្តល់ឱ្យច្រើនទៀត នោះទេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Mullheim ប្រទេសអាល្លឺម៉ង់លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែនអាចធានាបាន នូវចេតនារបស់អាល្លឺម៉ង់ “ដើម្បីបន្តគាំទ្រពួកគេ នាពេលអនាគត” ។ ដោយសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានផ្តល់អាវុធធុនធ្ងន់ទំនើបៗ មួយចំនួនដូចជា Panzerhaubitze 2000 អ្នកស្រី Lambrecht ក៏បាននិយាយថា លោកស្រីមានទំនាក់ទំនង ដ៏គួរឱ្យទុកចិត្ត និងស្ថាបនា ជាមួយសមភាគីអ៊ុយក្រែន លោក Alexey Reznikov ។

រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បាននិយាយទៀតថា “យើងមិនអាចផ្តល់ឱ្យច្រើនពី Bundeswehr (កងកម្លាំងអាល្លឺម៉ង់) បានទេ ខ្ញុំនឹងនិយាយឱ្យច្បាស់ ហើយសហការីរបស់ខ្ញុំ ដឹងអំពីរឿងនោះ” ។

កាលពីដើមខែនេះ លោកស្រី Lambrecht បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងបន្តគាំទ្រអ៊ុយក្រែន “ជាមួយនឹងអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ប៉ុន្តែមិនមែនដោយការ ចំណាយលើសមត្ថភាព ការពារផ្ទាល់របស់ខ្លួននោះទេ។

សូមជម្រាបថា អាល្លឺម៉ង់ បានផ្តល់សព្វាវុធជាច្រើនប្រភេទ ដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើម ការវាយលុករបស់យោធារុស្ស៊ី ប្រឆាំងនឹងប្រទេសជិតខាង កាលពីចុងខែកុម្ភៈ៕ ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top