ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង លើការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន នឹងត្រូវចុះហត្ថលេខា ដើម្បីដោះស្រាយ វិបត្តិស្បៀងអាហារ

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅនឹងត្រូវចុះហត្ថលេខា នៅទីក្រុងរបស់តួកគី នៅថ្ងៃសុក្រនេះ ក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោក។

លោក Cavusoglu បានសរសេរថា “ថ្ងៃស្អែក យើងនឹងបោះជំហានដំបូង នៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្ពោះទៅរកដំណោះស្រាយ វិបត្តិស្បៀងអាហារ ដែលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមជាមួយនឹងអគ្គលេខាធិការ អង្គការសហប្រជាជាតិ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន”។

លោកបានបន្តថា “យើងនឹងបន្តការខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយជម្លោះនេះ “។ មុននេះប្រធានាធិបតីតួកគីបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃសុក្រដោយមានការចូលរួម ពីរុស្ស៊ី អ៊ុយក្រែន អង្គការសហប្រជាជាតិ និងតួកគី។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីចុះហត្ថលេខា ដែលនឹងធ្វើឡើងនៅការិយាល័យ ប្រធានាធិបតី Dolmabahce ក្នុងទីក្រុងអ៊ីស្ដង់ប៊ុល នៅថ្ងៃសុក្រនេះ វេលាម៉ោង១៦ និង៣០នាទី ម៉ោងក្នុងស្រុក។

កិច្ចព្រមព្រៀងនេះកើតឡើង នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីកង្វះខាតស្បៀងអាហារជាសាកល ដែលជាលទ្ធផលនៃវិបត្តិអូសបន្លាយ ក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានស្តីបន្ទោស ដោយផ្នែកសម្រាប់ការកើនឡើងតម្លៃអាហារ នៅទូទាំងពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top