តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំ ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃសុក្រនេះថា ការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្តលើអ៊ុយក្រែន អាចនាំឱ្យទំនាក់ទំនងយោធា កាន់តែរឹងមាំរវាងចិន និងរុស្ស៊ី ។
កាសែតសរបស់ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងជំពូកថ្មីមួយ ដែលផ្តោតលើបញ្ហានោះថា “សម្រាប់ប្រទេសរុស្ស៊ី ដែលមានភាពឯកោ ជាអន្តរជាតិ និងបានអស់កម្លាំងទៅហើយ ដោយសារតែការឈ្លានពាន ប្រឆាំងនឹងអ៊ុយក្រែន សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងយោធាជាមួយប្រទេសចិន ទំនងជាអាចកើនឡើង” ។
របាយការណ៍នេះបានឲ្យដឆងថា វាចាំបាច់ដើម្បី “តាមដានដោយការព្រួយ បារម្ភអំពីលទ្ធភាព ដែលថា កិច្ចសហប្រតិបត្តិការ យោធារវាងចិន និងរុស្ស៊ីនឹងកាន់តែស៊ីជម្រៅ” ដោយបន្ថែមថា វិធានការបែបនេះអាចបង្កើតឱ្យមាន “ផលប៉ះពាល់ផ្ទាល់” លើបរិយាកាសសន្តិសុខ ជុំវិញប្រទេសជប៉ុន។
របាយការណ៍ដំបូងក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានកើតឡើងចំពេលមានការប្រឈមមុខ ដាក់គ្នារវាងរុស្ស៊ី និងក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ រួមទាំងប្រទេសជប៉ុន ដោយសង្រ្គាមមិនបង្ហាញសញ្ញា នៃការធូរស្រាលនោះទេ បើទោះបីជាទណ្ឌកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយ សហរដ្ឋអាមេរិក លើទីក្រុងម៉ូស្គូ ដែលប្រទេសចិន មិនបានចូលរួមក៏ដោយ ។
ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបន្តធ្វើសកម្មភាពរួមគ្នា សូម្បីតែបន្ទាប់ ពីការចាប់ផ្តើមការឈ្លានពាន របស់រុស្ស៊ី លើអតីតសហភាពសូវៀត កាលពីចុងខែកុម្ភៈ ដូចជាការហោះហើររួមគ្នា នៃយន្តហោះទម្លាក់គ្រាប់បែករបស់ពួកគេលើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកនៅចុងខែឧសភា ។
របាយការណ៍នេះបានរិះគន់ការឈ្លានពាន របស់រុស្ស៊ីថា បានបង្កឱ្យមានស្ថានភាព “មិនធ្លាប់មានពីមុនមក” ដែលទីក្រុងមូស្គូ កំពុង “ធ្វើសកម្មភាពយោធាហួសហេតុ មិនសមស្របនឹងច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ និងសម្លាប់ជីវិត ប្រជាជនស្លូតត្រង់”៕
ប្រែសម្រួល ឈូក បូរ៉ា