ព័ត៌មានអន្តរជាតិ

កាំភ្លើងលបបាញ់ បានឆ្ងាយបំផុត​ ក្នុងពិភពលោក ត្រូវបានប្រើប្រាស់ ដោយទាហានរុស្ស៊ី នៅអ៊ុយក្រែន

បរទេស ៖ សារព័ត៌មាន TASS បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ ប្រភពសន្តិសុខមួយថា កាំភ្លើងវែង លបបាញ់ Sumrak (Twilight) ត្រូវបានប្រើប្រាស់ជាលើកដំបូង ដោយទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពបានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកលបបាញ់ បានប្រតិបត្តិការកាំភ្លើង ប្រភេទនេះនៅជិតទីក្រុង គៀវ ក៏ដូចជានៅតំបន់ Kharkov ភាគខាងកើតអ៊ុយក្រែន ប៉ុន្តែ វា “កម្រនឹងប្រើណាស់” ដោយសារតែវាមិនតែងតែ អាចស្វែងរកមូលដ្ឋានដែលសមរម្យ ។ ទីភ្នាក់ងារនេះបានបន្ថែមថា មិនទាន់មានការបញ្ជាក់ ជាផ្លូវការអំពីព័ត៌មាននេះទេ។

យោងតាមក្រុមហ៊ុនផលិតអាវុធ ដែលត្រូវបានរចនាឡើង ក្នុងឆ្នាំ ២០១២ ដោយក្រុមហ៊ុនរុស្ស៊ី Lobaev Arms គឺកាំភ្លើងលបបាញ់ប្រភេទ SVLK-14S Sumrak អាចបាញ់ចំគោលដៅបានយ៉ាង មានប្រសិទ្ធភាព ក្នុងរយៈចម្ងាយរហូតដល់ ២ ៧០០ ម៉ែត្រ (១.៦ ម៉ាយ) ។ នេះបើយោងតាមអ្នកផលិត។

នៅឆ្នាំ ២០២០ កាសែត Daily Mirror របស់ចក្រភពអង់គ្លេស បានពណ៌នា Sumrak ថាជា “កាំភ្លើងវែងអ្នកលបបាញ់ សម្លាប់ត្រង់បំផុត របស់ពិភពលោក” ដោយកត់សម្គាល់ថា វាមានប្រសិទ្ធភាពជិតទ្វេដងនៃ L115A3 ដែលជាកាំភ្លើងបាញ់ របស់កងទ័ពអង់គ្លេស ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top