ព័ត៌មានអន្តរជាតិ

យោធាជើងទឹកអ៊ុយក្រែន ៨០នាក់ កំពុងហ្វឹកហ្វឺនជំនាញនៅ ស្កុតឡែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី

បរទេស៖ យោធាអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពជើងទឹក Royal Navy កំពុងបណ្តុះបណ្តាលដល់នាវិកអ៊ុយក្រែន នៅប្រទេសស្កុតឡែន ក្នុងការប៉ុនប៉ងគាំទ្រទីក្រុង គៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការហ្វឹកហ្វឺននេះ មានការចូលរួមពីលោក Vladimir Gavrilov អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ ចក្រភពអង់គ្លេស James Heappey ។ ទីតាំងពិតប្រាកដនៃសមយុទ្ធនេះ មិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ សម្រាប់ហេតុផលសុវត្ថិភាព។

រដ្ឋមន្ត្រីបានសង្កេតឃើញនាវិក ដែលកំពុងអនុវត្តជំនាញសំខាន់ៗ នៅសមុទ្រ រៀនសមយុទ្ធអាវុធ ការគ្រប់គ្រងការខូចខាត និងរបៀបប្រតិបត្តិការ គ្រឿងចក្រនៅលើនាវា។

យោងតាមកងទ័ពជើងទឹក គឺមាន ទាហានអ៊ុយក្រែន ៨០នាក់កំពុងទទួលបាន “ការណែនាំយ៉ាងទូលំទូលាយ” ។ ក្នុងពេលជាមួយគ្នានេះ ចក្រភពអង់គ្លេសមានបំណង លក់នាវាផ្នែករុករក Sandown-class ចំនួនពីរដែលនឹងត្រូវចូលនិវត្តន៍ ឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

លោក Gavrilov បាននិយាយថា “យើងពិតជាត្រូវការនាវា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅសម្រាប់ការរុករករ៉ែ។ វាក៏ជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដែលមានសារៈសំខាន់ខ្លាំង ដល់ពិភពលោកផងដែរ»៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top