ព័ត៌មានអន្តរជាតិ

ស៊ីរី ចោទអាមេរិក ពីបទរារាំងសន្តិសុខ ស្ថិរភាព នៅក្នុងប្រទេសរបស់ខ្លួន

ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា វត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅភាគឦសានប្រទេសស៊ីរី និងការប្លន់យកប្រេងរបស់ស៊ីរី មានគោលបំណងរារាំង ដំណោះស្រាយនយោបាយ និងការវិលត្រឡប់ នៃស្ថិរភាព និងសន្តិសុខដល់ប្រទេសស៊ីរី។

ក្រសួងបានឲ្យដឹងថា ការអនុវត្តរបស់សហរដ្ឋអាមេរិក និងការគាំទ្រគ្មានដែនកំណត់ ចំពោះក្រុមភេរវករ បង្ហាញពី “ការលាក់ពុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់” ដែល “មិនអាចទទួលយកបានទៀតនោះទេ ទាំងសីលធម៌ និងនយោបាយ” ។

ក្រសួងបាន ថ្កោលទោសទណ្ឌកម្មរបស់អាមេរិក ដែល ដាក់លើស៊ីរី ដោយថាទណ្ឌកម្មឯកតោភាគី និងវិធានការរបស់អាមេរិក កំពុងតែគំរាមកំហែងអាយុជីវិត ប្រជាជនស៊ីរី និងបង្កគ្រោះថ្នាក់ ដល់បច្ចុប្បន្ន និងអនាគតរបស់ស៊ីរី។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានចូលក្នុងប្រទេសស៊ីរី ក្នុងឆ្នាំ២០១៤ ក្រោមលេសនៃការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម (IS)។ រដ្ឋាភិបាលស៊ីរី បានអំពាវនាវម្តងហើយម្តងទៀត ឲ្យដកកងកម្លាំងអាមេរិក ចេញពីស៊ីរី ដោយពណ៌នាកងកម្លាំងអាមេរិកថា ជា កម្លាំងកាន់កាប់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top