គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានប្រាក់ចំនួន ១,៦ពាន់លានអឺរ៉ូ (ប្រហែល ១,៦២ ពាន់លានដុល្លារអាមេរិក) ពីធនាគារវិនិយោគអឺរ៉ុប (EIB)។
លោក Shmyhal បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “កាលពីម្សិលមិញ ធនាគារវិនិយោគអ៊ឺរ៉ុប បានយល់ព្រមផ្តល់ប្រាក់ចំនួន ១,៦ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន ដោយ ១ពាន់លានអឺរ៉ូ នៃចំនួនសរុបនេះ នឹងត្រូវបែងចែកភ្លាមៗ” នេះបើយោងតាមសេវាសារព័ត៌មាន របស់រដ្ឋាភិបាល។
លោក Shmyhal បានលើកឡើងថា មូលនិធិនេះនឹងត្រូវបានដឹកនាំ សម្រាប់សកម្មភាពរៀបចំអ៊ុយក្រែន សម្រាប់រដូវកាលកំដៅ រួមទាំងការស្ដារឡើងវិញនូវគ្រឿង បរិក្ខារផ្គត់ផ្គង់អគ្គិសនី ទឹក និងកំដៅដែលខូច ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine អ៊ុយក្រែន ក៏នឹងប្រើប្រាស់ផ្នែកមួយ នៃមូលនិធិពី EIB ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងក្នុងប្រសិទ្ធភាពថាមពល ផ្លូវថ្នល់ ការដឹកជញ្ជូន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីខែមុនថា ទីក្រុងគៀវ គ្រោងនឹងរៃអង្គាសប្រាក់ចំនួន ២០ពាន់លានដុល្លារ ជាជំនួយអន្តរជាតិ ពីដៃគូលោកខាងលិចរបស់ខ្លួន នៅចុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា
