ព័ត៌មានអន្តរជាតិ

AP ៖ អាមេរិករៀបចំផែនការ យោធាសម្រាប់ដំណើរ ទស្សនកិច្ចរបស់ប្រធានសភា ទៅកាន់កោះតៃវ៉ាន់

បរទេស ៖ មន្ទីរបញ្ចកោណអាចបញ្ជូនកប៉ាល់ យន្តហោះ និងប្រព័ន្ធឃ្លាំមើលបន្ថែមទៀត ដើម្បីការពារប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ប្រសិនបើលោកស្រី បន្តគម្រោងទៅបំពេញ ទស្សនកិច្ចនៅកោះតៃវ៉ាន់, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា “ផែនការសម្រាប់ អនុវត្តន៍ជាយថាហេតុ” ដែលកំពុងត្រូវបានបង្កើតឡើង ដោយយោធាអាមេរិក ពាក់ព័ន្ធនឹងការបង្កើត “ខ្សែការពារត្រួតស៊ីគ្នា” សម្រាប់ប្រធានសភា ក្នុងអំឡុងពេលហោះហើរទៅកាន់កោះ និងការស្នាក់នៅរបស់លោកស្រី ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា មន្ត្រីទាំងនោះក៏បាននិយាយអំពីតម្រូវការក្នុងការបង្កើត “តំបន់ការពារ” នៅជុំវិញលោកស្រី Pelosi និងយន្តហោះរបស់លោកស្រី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដោយត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុ ដែលអាចកើតមានទាក់ទងនឹងប្រទេសចិន។

សូមជម្រាបថា ទីក្រុងប៉េកាំង ដែលចាត់ទុកកោះគ្រប់គ្រង ដោយខ្លួនឯងជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ អាចបង្កឱ្យមានប្រតិកម្មធ្ងន់ធ្ងរ និងមាន “ផលវិបាកដែលមិនអាចទទួលយកបាន” សម្រាប់ទំនាក់ទំនង រវាងចិន និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top