ឥណ្ឌា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រន្ទះបាញ់បានសម្លាប់មនុស្ស ៤៩ នាក់ក្នុងមួយសប្តាហ៍ នៅប្រទេសឥណ្ឌា ដោយសមាជិក៤នាក់ នៃគ្រួសារមួយបានបាត់បង់ជីវិតក្នុងព្យុះមួយនេះ។
កសិករចិញ្ចឹមគោ៤នាក់ក្នុងគ្រួសារតែមួយ បានស្លាប់នៅពេលកំឡុងព្យុះតែមួយ បន្ទាប់ពីពួកគេត្រូវរន្ទះបាញ់ សម្លាប់ពួកគេ និង៣នាក់ទៀតភ្លាមៗ ខណៈពួកគេបានជ្រកនៅក្រោមដើមឈើ ពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅជិតខេត្ត Kaushambi រដ្ឋ Uttar Pradesh ។ រដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា ចាប់ផ្តើមពីខែមិថុនាដល់ខែកញ្ញា ហើយចំនួនអ្នកស្លាប់ខ្ពស់បានបង្ខំ ឲ្យរដ្ឋាភិបាលចេញគោលការណ៍ណែនាំថ្មី អំពីរបៀបមនុស្សអាចការពារខ្លួន ក្នុងពេលមានព្យុះរន្ទះ។
អ្នកនាំពាក្យរដ្ឋាភិបាល នៃរដ្ឋភាគខាងជើងឥណ្ឌា លោក Shishir Singh បាននិយាយថា មនុស្សស្លាប់ដោយសាររន្ទះច្រើន ជាងឧប្បត្តិហេតុ ដែលទាក់ទងនឹងភ្លៀង ទោះបីជានេះជាពេលដែលមនុស្ស (ជាធម្មតា) ស្លាប់ដោយទឹកជំនន់ ឬឧបទ្ទវហេតុ ទាក់ទងនឹងភ្លៀងផ្សេងទៀតក៏ដោយ។
លោកវរសេនីយ៍ឯក Sanjay Srivastava ធ្វើការជាមួយនាយកដ្ឋាន ឧតុនិយមឥណ្ឌា បាននិយាយថា រន្ទះបានសម្លាប់មនុស្សជិត ៧៥០នាក់ នៅទូទាំងប្រទេសឥណ្ឌា ចាប់តាំងពីខែមេសា។ ក្នុងនោះរួមមានមនុស្ស២០នាក់ បានស្លាប់នៅរដ្ឋ Bihar ភាគខាងកើត ក្នុងរយៈពេល២ថ្ងៃ កន្លងមកនេះ និង១៦នាក់នៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា កាលពីដើមខែនេះ។
មនុស្សជាង ២០០នាក់ត្រូវបានសម្លាប់ នៅក្នុងភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី នៅក្នុងរដ្ឋឥណ្ឌា រួមមានរដ្ឋ Assam, Manipur, Tripura និង Sikkim ខណៈមនុស្ស ៤២នាក់ បានស្លាប់នៅប្រទេសបង់ក្លាដែស ចាប់តាំងពីថ្ងៃទី ១៧ ខែឧសភា៕ ដោយ៖លី ភីលីព