បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអត្រាអតិផរណានៅក្នុងប្រទេសបារាំង និងអេស្បាញបានបន្តកើនឡើងដល់ចំណុចមួយខ្ពស់បំផុត មិនធ្លាប់មានឡើយក្នុងរយៈពេល៤ទសវត្សចុងក្រោយ។
តម្លៃទំនិញរបស់អ្នកប្រើប្រាស់ឬ CPI នៅក្នុងប្រទេសបារាំងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទៅដល់៦,១ភាគរយនៅក្នុងខែកក្កដានេះគឺជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានតាំងតែពីឆ្នាំ១៩៨៥នេះ បើយោងតាមការស្រាវជ្រាវ និងបង្ហាញតួលេខដោយវិទ្យាស្ថានជាតិ ស្រាវជ្រាវសេដ្ឋកិច្ចបារាំង INSEE ហើយអះអាងទៀតថាកម្រិតនេះ នឹងអាងចបន្តកើនឡើងថែមទៀតក្នុងពេលខាងមុខ។
ដោយឡែកនៅអេស្បាញវិញ កម្រិតអតិផរណាបានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានរយៈពេល ៣៨ឆ្នាំចុងក្រោយក្នុងអត្រាប្រមាណរហូតទៅ ដល់១០,៨ភាគរយគិតក្នុងខែកក្កដាកើនឡើងពីខែមិថុនា ដែលមានត្រឹមតែ១០,២ភាគរយ។
ទោះបីជាមានការធ្លាក់ចុះ នៃតម្លៃប្រេងឥន្ធនៈក៏ដោយ អតិផរណាបន្តកើតឡើងដោយសារការកើនឡើង នៃថ្លៃម្ហូបអាហារ និងភេសជ្ជៈទាំងមានជាតិអាល់កុល និងភេសជ្ជៈដែលគ្មានជាតិអាល់កុល ក៏ដូចជាការកើនឡើងនៃតម្លៃសម្លៀកបំពាក់ និងសំភារៈប្រើប្រាស់ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

