ព័ត៌មានអន្តរជាតិ

ចិនជំរុញអាមេរិក និងជប៉ុន កុំធ្វើនយោបាយ លើការប្រើប្រាស់អាវុធ និងញុះញង់ បង្កឲ្យមានការបែកបាក់

ប៉េកាំង ៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន កុំធ្វើនយោបាយ ប្រើប្រាស់អាវុធ និងហួសពីគំនិត នៃសន្តិសុខជាតិ លើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ មិនមែនសំដៅលើភាគីទីបី ឬធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ពួកគេ និងកុំញុះញង់ឱ្យមានការបែកបាក់ និងការប្រឈមមុខគ្នា ក្នុងនាម កិច្ចសហប្រតិបត្តិការ និងការសន្ទនា។

អ្នកនាំពាក្យក្រសួង ការបរទេស ចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បានបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីដំបូង នៃគណៈកម្មាធិការ ប្រឹក្សាគោលនយោបាយ សេដ្ឋកិច្ចអាមេរិក-ជប៉ុន (EPCC ឬហៅថា Economic “2+2”) ជាមួយរដ្ឋមន្ត្រីការបរទេស ជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម Koichi Hagiuda កាលពីថ្ងៃទី២៩ ខែកក្កដា។

លោក Blinken បានលើកឡើងថា ភាគីទាំងពីរបាននិយាយអំពីប្រទេសចិន និង “គោលនយោបាយសេដ្ឋកិច្ចបង្ខិតបង្ខំ” របស់ខ្លួន ដែលផ្ទុយទៅនឹង ប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ដែលបើកចំហ រួមបញ្ចូល និងផ្អែកលើច្បាប់។

ជាការឆ្លើយតប លោក Zhao បានលើកឡើងថា ប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវគោល ការណ៍បើកចំហ បរិយាប័ន្ន និងលទ្ធផលឈ្នះ-ឈ្នះ ហើយប្តេជ្ញាកសាង សេដ្ឋកិច្ចពិភពលោកបើកចំហ និងចែករំលែកឱកាស អភិវឌ្ឍន៍ជាមួយប្រទេស ទាំងអស់។

លោកបានបន្ដថា “ចិនមិនដែលលូកដៃចូល ក្នុងផ្ទះរបស់ប្រទេសដទៃ ហើយជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ពួកគេ។ ចិនមិនដែលស្វែងរក សង្រ្គាមពាណិជ្ជកម្ម ហើយមិនដែលបង្ខិតបង្ខំ ឬគាបសង្កត់សហគ្រាស បរទេសឡើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top