វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំក្រុមអាល់កៃដា គឺលោក Ayman al-Zawahiri ដែលជាភេរវករម្នាក់ក្នុងចំណោមភេរវករចង់បានបំផុតរបស់ពិភពលោក និងសង្ស័យថា ជាមេក្លោងនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ផងដែរ ។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក បៃដិន បានថ្លែងថា ការវាយប្រហារនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ។
លោកបានថ្លែងថា “ខ្ញុំបានផ្តល់ការយល់ព្រមជាចុងក្រោយដើម្បីទៅយកគាត់” ដោយបន្ថែមថា មិនមានជនស៊ីវិលណាម្នាក់រងរបួសនោះទេ ។
លោក បៃដិន បានថ្លែងថា “យុត្តិធម៌ត្រូវបានផ្តល់ឲ្យ ហើយមេដឹកនាំភេរវជននេះលែងមានទៀតហើយ” ។
លោកបានឲ្យដឹងទៀតថា លោកសង្ឃឹមថា វានឹងជួយនាំមកនូវ “ការបញ្ចប់” សម្រាប់គ្រួសារនៃអ្នកដែលបានស្លាប់ក្នុងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។
លោកបានបន្តថា “វាជាក្តីសង្ឃឹមរបស់ខ្ញុំដែលចំណាត់ការសម្រេចចិត្តនេះនឹងនាំមកនូវវិធានការបញ្ចប់មួយទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា