បរទេស៖ CNN បានរាយការណ៍ថា យោធាអាមេរិក និងយោធាឥណ្ឌា នឹងធ្វើសមយុទ្ធរួមគ្នានៅលើភ្នំហិម៉ាឡៃ ក្នុងខែតុលា ដែលមានចម្ងាយជិត ១០០ គីឡូម៉ែត្រពីព្រំដែនជម្លោះ របស់ប្រទេសឥណ្ឌា ជាមួយប្រទេសចិន ។ ទីតាំងនេះ ត្រូវបានប្រកាសចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខណៈដែលឥណ្ឌា និងចិនកំពុងប៉ះទង្គិចគ្នានៅតាមព្រំដែនភ្នំ របស់ពួកគេដូចគ្នាផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីយោធាឥណ្ឌាម្នាក់បានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា សមយុទ្ធនេះនឹងធ្វើឡើង នៅពាក់កណ្តាលខែតុលា នៅជិតទីក្រុង Auli ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។ Auli ស្ថិតនៅលើជម្រាល ភាគខាងត្បូង នៃភ្នំហិម៉ាឡៃ ហើយសមយុទ្ធនឹងផ្តោតលើការធ្វើសង្គ្រាមនៅរយៈកម្ពស់ ១០ ០០០ ហ្វីត (៣ ០០០ម៉ែត្រ)។
ទីក្រុង Auli ក៏ស្ថិតនៅជុំវិញ ៩៥ គីឡូម៉ែត្រ (៥៩ម៉ាយ) ពីបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលជាព្រំដែនដែលបានកំណត់ដែលបែងចែកឥណ្ឌា និងចិន។ ខណៈពេលដែលភាគីទាំងពីរ ទាមទារទឹកដីនៅម្ខាងទៀត នៃខ្សែបន្ទាត់នេះ វាបានបម្រើការជាព្រំដែន មិនពិតប្រាកដរវាងប្រទេសទាំងពីរចាប់តាំង ពីចុងបញ្ចប់នៃសង្គ្រាមចិន-ឥណ្ឌាឆ្នាំ ១៩៦២ ៕
ប្រែសម្រួលៈ ណៃ តុលា
