ប៉ារីស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា អ្នកពន្លត់អគ្គីភ័យ ជាង១.០០០នាក់ កំពុងប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃ ដែលប្រៀបដូចជា “បិសាច” នៅភាគនិរតីនៃប្រទេសបារាំង ដែលបានបំផ្លាញព្រៃ ឈើជិត៧.០០០ហិកតា អស់រួចទៅហើយ ។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅជិតទីក្រុង Bordeaux បានបំផ្លាញផ្ទះជាច្រើនខ្នង និងបង្ខំឱ្យអ្នកស្រុកចំនួន១០.០០០នាក់ត្រូវភៀសខ្លួនចេញ ។
អ្នកតំណាងអ្នកពន្លត់អគ្គីភ័យ លោក Gregory Allione បានប្រាប់ដល់វិទ្យុ RTL របស់ប្រទេសបារាំងថា “វាជាសត្វចម្លែក វាជាសត្វចម្លែក” ។
ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់កំពុង រារាំងដល់ប្រតិបត្តិការពន្លត់អគ្គិភ័យ ។
ប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា អូទ្រីស អាល្លឺម៉ង់ ក្រិក ប៉ូឡូញ និងរ៉ូម៉ានី “កំពុងមកជួយ” បារាំងក្នុងការប្រយុទ្ធនឹងភ្លើងឆេះ ។ “សាមគ្គីភាពអឺរ៉ុបនៅកន្លែងធ្វើការ!” គាត់បានលើកឡើងនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះ ។
រដូវក្តៅនេះ ប្រទេសបារាំង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប បានឃើញរលកនៃភ្លើងឆេះព្រៃដ៏សាហាវ ដែលបង្កឡើងដោយសីតុណ្ហភាព និងគ្រោះរាំងស្ងួតនៅទូទាំងទ្វីប ។
ការស្លាប់ជាង១.០០០នាក់ត្រូវបានគេសន្មតថា ដោយសារកម្តៅនៅក្នុងប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា