ព័ត៌មានអន្តរជាតិ

ប្រទេសអេស្តូនី និងហ្វាំងឡង់ កំពុងពិចារណាបិទ សមុទ្របាល់ទិក មិនឱ្យកងទ័ពជើងទឹក រុស្ស៊ីចូល

បរទេស៖ ទីក្រុង Tallinn (អេស្តូនី) និង Helsinki (ហ្វាំងឡង់) បានពិភាក្សាអំពីការរួមបញ្ចូល ប្រព័ន្ធអាគុយមីស៊ីល តាមឆ្នេរសមុទ្រ ដែលអាចឱ្យសមាជិក ណាតូទាំងពីរ អាចរារាំងកងនាវាចររុស្ស៊ី នៅឈូងសមុទ្រហ្វាំងឡង់ , រដ្ឋមន្ត្រីការពារជាតិអេស្តូនី បានប្រកាសកាលពីថ្ងៃសុក្រ។ មន្ត្រីរូបនេះបាននិយាយថា នេះនឹងប្រែក្លាយសមុទ្របាល់ទិកទៅជា “សមុទ្រផ្ទៃក្នុង របស់អង្គការណាតូ” ដោយបានបន្ទរការអត្ថាធិប្បាយ ដែលបានធ្វើឡើងមុនដោយមេដឹកនាំ ប៉ូឡូញ និងលីទុយអានី ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Hanno Pevkur រដ្ឋមន្រ្តីការពារជាតិអេស្តូនី ប្រាប់កាសែតហ្វាំងឡង់ Iltalehti ថា «យើងត្រូវធ្វើសមាហរណកម្មការពារ ឆ្នេរសមុទ្ររបស់យើង។ រយៈចម្ងាយហោះហើររបស់កាំជ្រួចអេស្តូនី និងហ្វាំងឡង់ គឺធំជាងទទឹងឈូងសមុទ្រហ្វាំងឡង់” ។

កាំជ្រួច MTO85M របស់ហ្វាំងឡង់ មានរយៈចម្ងាយជាង ១០០គីឡូម៉ែត្រ។ ឈូងសមុទ្រមានចម្ងាយប្រហែល ៨២ គីឡូម៉ែត្រពីទីក្រុង Helsinki ទៅ Tallinn ។ អេស្តូនី គ្រោងនឹងទិញកាំជ្រួចប្រភេទ Blue Spear របស់អ៊ីស្រាអែលបន្ថែមទៀតនៅចុងឆ្នាំនេះ ដែលបាញ់បានរយៈចម្ងាយជិត ៣០០គីឡូម៉ែត្រ។

សមុទ្របាល់ទិកនឹងក្លាយជា សមុទ្រផ្ទៃក្នុងរបស់ណាតូ នៅពេលដែលហ្វាំងឡង់ និងស៊ុយអែតបានចូលរួមជាមួយអង្គការណាតូ។ បើប្រៀបធៀបទៅនឹងអ្វី ដែលសព្វថ្ងៃនេះ ស្ថានការណ៍កំពុងផ្លាស់ប្តូរ” លោក Pevkur បាននិយាយថា ប្រទេសទាំងពីរនឹងអាចបិទសមុទ្រ ពីការចូលរបស់កងទ័ពជើងទឹករុស្ស៊ី ប្រសិនបើចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top