រ៉ាម៉ាឡា៖ អ្នកជំនាញប៉ាឡេស្ទីនបានឲ្យដឹង កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក គឺជាប្រទេសចុងក្រោយ ដែលមិនមានសិទ្ធិនិយាយអំពីបញ្ហាសិទ្ធិមនុស្ស ដោយសារតែខ្លួនបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មបង្ហូរឈាមជាច្រើនប្រឆាំង នឹងមនុស្សជាតិ” ។
លោក Salah Abdel Ati អ្នកជំនាញផ្នែកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាន នៅហ្គាហ្សាបានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍មួយថា “ជាប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិនៅមជ្ឈិមបូព៌ា។
លោក Abdel Ati បានលើកឡើងថា អ្វីដែលបានកើតឡើង ចំពោះប្រជាជនប៉ាឡេស្ទីន គឺជា “ការបង្ហាញយ៉ាងច្បាស់” នៃការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា រដ្ឋបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានអនុវត្ត ស្តង់ដារទ្វេរដងលើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលជាយូរមកហើយ ដោយទុកឱ្យសិទ្ធិ និងការទាមទារស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន មិនត្រូវបានការពារ និងមិនត្រូវបានដោះស្រាយ ដោយមិនគិតពីសន្តិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។
លោក Abdel Ati បានសរសើររបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយសង្គមចិន សម្រាប់ការសិក្សាសិទ្ធិមនុស្ស ដែលបង្ហាញពីឧក្រិដ្ឋកម្មជាបន្តបន្ទាប់ ដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា និងតំបន់ជុំវិញ ដែលបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។
លោកបានបន្ត ថារបាយការណ៍នេះបង្ហាញថា រាល់ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក អំពីបញ្ហាសិទ្ធិមនុស្ស គឺគ្រាន់តែជាពាក្យស្លោកមិនពិត និងគ្មានមូលដ្ឋានលើមូលដ្ឋានប៉ុណ្ណោះ។
លោក Abdel Ati បានបន្ថែមថា សហរដ្ឋអាមេរិក ដូចដែលរបាយការណ៍បានចង្អុលបង្ហាញ មិនបានបង្ហាញពីការគោរព ចំពោះភាពចម្រុះនៃអរិយធម៌នោះទេ ប៉ុន្តែផ្ទុយទៅវិញ ភាពអរិភាពចំពោះអ្នក ដែលខ្លួនមិនស្គាល់អត្តសញ្ញាណ៕ ប្រែសម្រួល ឈូក បូរ៉ា