ព័ត៌មានអន្តរជាតិ

ចិន នឹងបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះ ព្រមានជាមុន​ នៅលើអាកាស ទៅប្រទេសថៃ

បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃ ដើម្បីធ្វើសមយុទ្ធរួមគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យ នៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai នៅភាគខាងជើងប្រទេសថៃ ក្បែរព្រំដែនជាមួយប្រទេសឡាវ។

សមយុទ្ធនឹងរួមបញ្ចូលសកម្មភាពដូចជា ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើគោលដៅដីគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។

ក្រសួងបាននិយាយទៀតថា គោលដៅនៃសមយុទ្ធនេះគឺ “ដើម្បីបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាស នៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ ជាបន្តបន្ទាប់នៃទំនាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-ថៃ”។

ការប្រកួតសង្រ្គាមនឹងធ្វើឡើង ចំពេលមានភាពតានតឹង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែសីហា។ ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន បានខឹងសម្បារចំពោះការផ្លាស់ប្តូរនេះ ហើយបានឆ្លើយតបដោយការរៀបចំ សមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់ មាននៅជុំវិញកោះតៃវ៉ាន់៕​ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top