ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ងាកមកទិញឧទ្ធម្ភាចក្រ របស់អាមេរិកវិញ ក្រោយដើរចេញពីកិច្ចព្រមព្រៀង ជាមួយនឹងរុស្សី

បរទេស៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះត្រូវបានគេដឹងថា កំពុងរៀបចំកិច្ចព្រមព្រៀង ដើម្បីទិញយកឧទ្ធម្ភាចក្រធុនធ្ងន់របស់អាមេរិក បន្ទាប់ពីបានដើរចេញពីកិច្ចព្រមព្រៀង ទិញអាវុធជាមួយនឹងរុស្សី ដែលមានតម្លៃប្រមាណជា ២២៧,៣៥លានដុល្លារ ដើម្បីអាចគេចចេញពីទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់លោកខាងលិច។

ការអះអាងដែលត្រូវបានធ្វើឡើង ដោយអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានឲ្យដឹងទៀតថា កាលពីខែមិថុនាមុនពេល ដែលអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ចប់ទៅនៃអាណត្តិ ដឹកនាំរបស់គាត់៦ឆ្នាំនោះ ហ្វីលីពីនបានសម្រេចចិត្តដើរចេញ ពីកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ សម្រាប់ដឹកទំនិញរបស់រុស្សី ប្រភេទ Mi-17 ចំនួន១៦គ្រឿង ដោយសារបារម្ភ ពីទណ្ឌកម្មសេដ្ឋកិច្ចទាំងឡាយ ដោយសារបញ្ហា នៅអ៊ុយក្រែននិងរុស្សី។

លោករដ្ឋទូតហ្វីលីពីន Jose Manuel Romualdez បានបញ្ជាក់ទៀតថាឧទ្ធម្ភាគចក្រ Chinooks របស់អាមេរិកនឹងត្រូវយកមកប្រើប្រាស់ ជំនួសឧទ្ធម្ភាគចក្រដែលមានស្រាប់ និងក្នុងគោលបំណង ដើម្បីការពារដែនអធិបតេយ្យភាព របស់ហ្វីលីពីន។

ក្រៅតែពីកិច្ចព្រមព្រៀងអាវុធហើយនោះ ប្រធានាធិបតីហ្វីលីពីនថ្មីលោក Marcos Jr ក៏មានបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយនឹងអាមេរិក លើវិស័យផ្សេងៗទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top