បរទេស៖ ស្ថានទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានព្រមានថា អាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន នៅលើឆាកពិភពលោក គឺប្រថុយនឹងជម្លោះដោយផ្ទាល់ រវាងរដ្ឋនុយក្លេអ៊ែរ ទាំងពីរគឺរុស្ស៊ី និងអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “ថ្ងៃនេះ សហរដ្ឋអាមេរិក នៅតែបន្តធ្វើសកម្មភាព ដោយមិនគិតពីសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសដទៃ ដែលរួមចំណែកដល់ការកើនឡើង នៃហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ” ។ ជំហាន [របស់សហរដ្ឋអាមេរិក] ដើម្បីចូលរួមបន្ថែមទៀត នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយរុស្ស៊ីនៅក្នុងបរិបទ នៃវិបត្តិអ៊ុយក្រែន គឺពោរពេញដោយការកើនឡើង ដែលមិនអាចទាយទុកជាមុនបាន និងការប៉ះទង្គិចគ្នាដោយយោធាដោយផ្ទាល់ នៃមហាអំណាចដែលមាននុយក្លេអ៊ែរ” ។
ស្ថានទូតបានកត់សម្គាល់ថា ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធសំខាន់ៗចំនួនពីរគឺ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឆ្នាំ ១៩៨៧ ដែលបានហាមឃាត់ប្រភេទមួយចំនួន នៃកាំជ្រួចនៅលើដី និងសន្ធិសញ្ញា ស្តីពីការបើកចំហរមេឃឆ្នាំ ១៩៩២ ដែលអនុញ្ញាតឱ្យមានការហោះហើរឃ្លាំមើល លើទឹកដីគ្នាទៅវិញទៅមក៕ ប្រែសម្រួលៈ ណៃ តុលា