បរទេស ៖ មីស៊ីលប្រភេទថ្មី ដែលអ៊ុយក្រែនពេលនេះ កំពុងប្រើប្រឆាំងរុស្ស៊ី បន្ទាប់ពីគ្រាប់ផ្លោងមួយ ចំនួនត្រូវបានផ្តល់ ដោយសហរដ្ឋអាមេរិក ទំនងជាមិនផ្លាស់ប្តូរជំនោរ នៃការប្រយុទ្ធនោះទេ នេះបើយោងតាមអត្ថបទចេញ ផ្សាយដោយ Business Insider (BI) កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែន បានទទួលមីស៊ីលប្រភេទ AGM-88 HARM ដែលជាផ្នែកមួយ នៃការចែកចាយអាវុធថ្មីៗបំផុត ពីទីក្រុងវ៉ាស៊ីនតោន ។ អនុរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Colin Kahl បានបញ្ជាក់ពីការបញ្ជូន មីស៊ីលប្រឆាំងវិទ្យុសកម្ម ដែលបាញ់បង្ហោះតាមអាកាស ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហា ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានលើកឡើងពីការទទួលអាវុធ បែបនេះពីសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍ មួយកាលពីសប្តាហ៍មុន។ មន្ត្រីទាំងពីរមិន បានកំណត់អត្តសញ្ញាណ ប្រព័ន្ធអាវុធនេះតាមឈ្មោះនោះទេ ប៉ុន្តែកំទេចកំទីដែលត្រូវ បានគេរាយការណ៍ថា បានរកឃើញ នៅក្នុងខែនេះនៅលើដី ក្នុងប្រទេសអ៊ុយក្រែនចង្អុលបង្ហាញ គំរូជាក់លាក់។
មីស៊ីល AGM-88 HARM ដែលបានដំណើរការ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់វិទ្យុសកម្មខ្លាំង ដែលផលិតដោយប្រព័ន្ធរ៉ាដាលើដី។ សព្វាវុធទាំងនេះត្រូវបានបាញ់បង្ហោះជាធម្មតា ដើម្បីបិទការការពារ ដែនអាកាសរបស់សត្រូវ មុនពេលការវាយឆ្មក់៕
ប្រែសម្រួលៈ ណៃ តុលា