ព័ត៌មានអន្តរជាតិ

មូលដ្ឋានយោធាធំបំផុត របស់អាមេរិក នៅក្នុងប្រទេសស៊ីរី ត្រូវបានវាយប្រហារ ដោយមីស៊ីល

ដាម៉ាស់ ៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់ បានរាយការណ៍ថា មីស៊ីលមួយគ្រាប់ បានវាយប្រហារជុំវិញមូលដ្ឋាន ទ័ពធំបំផុតរបស់អាមេរិក នៅក្នុងប្រទេសស៊ីរីក្នុងខេត្ត Deir al-Zour ភាគខាងកើត កាលពីយប់ថ្ងៃសុក្រ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា មីស៊ីលបានធ្លាក់នៅជិត តំបន់ប្រេង al-Omar ដែលត្រូវបានសហរដ្ឋអាមេរិក យកធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ហើយមិនមានរបាយការណ៍ថា មានអ្នករង របួសនោះទេ ។

ក្រុមសង្កេតការណ៍បានឲ្យដឹងថា “វាទំនងជាថា មីស៊ីលនេះ បាញ់ចេញពីតំបន់ ដែលកងជីវពលអ៊ីរ៉ង់មានឥទ្ធិពលនៅភាគខាងលិចនៃតំបន់ Euphrates” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

មិនទាន់មានការអត្ថាធិប្បាយ ភ្លាមៗពីកងកម្លាំងអាមេរិក ឬរដ្ឋាភិបាលស៊ីរី អំពីការវាយប្រហារចុងក្រោយនេះ នៅឡើយទេ ។ កាលពីថ្ងៃទី២៨ ខែកក្កដា កងកម្លាំងអាមេរិកនៅតំបន់ al-Omar បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដែលខ្លះបានវាយប្រហារតំបន់ ដែលក្រុមជីវពលគាំទ្រអ៊ីរ៉ង់ កំពុងប្រយុទ្ធជាមួយកងកម្លាំងស៊ីរី ហើយក៏គ្មានអ្នករងរបួស ត្រូវបានគេរាយការណ៍ នៅ ក្នុងការវាយប្រហារនោះ ដែរ។

គួរបញកជាក់ថា តាំងពីចូលស៊ីរី ក្នុងឆ្នាំ២០១៤ អាមេរិក បានកំណត់គោលដៅជាញឹកញាប់លើទីតាំង របស់កងជីវពលគាំទ្រអ៊ីរ៉ង់ ដែលជំរុញ ឱ្យ ភាគី ទាំងសងខាង ធ្វើការសងសឹកគ្នាទៅវិញទៅមក ៕

Most Popular

To Top