អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនិយាយថា ច្បាប់ថ្មីនឹងធ្វើឲ្យក្រុមហ៊ុនផលិតទទួលខុសត្រូវ ចំពោះសកម្មភាពរបស់យានជំនិះ នៅពេលការបើកបរដោយខ្លួនឯង ត្រូវបានគ្រប់គ្រងទាំងស្រុង មានន័យថា អ្នកបើកបរមនុស្សនឹងមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់នោះទេយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
យានជំនិះដែលបើកបរដោយខ្លួនឯង ពេញលេញអាចនៅលើផ្លូវចក្រភពអង់គ្លេសនៅឆ្នាំ ២០២៥ ក្រោមផែនការថ្មីរបស់រដ្ឋាភិបាលដែលគាំទ្រដោយការវិនិយោគទឹកប្រាក់ ១00 លានផោន។ ច្បាប់ថ្មីត្រូវបានគេគ្រោងនឹងពន្លឿនការចេញផ្សាយនេះ ជាមួយនឹងការស្រាវជ្រាវសុវត្ថិភាពចំនួន ៣៤ លានផោនដើម្បីចិញ្ចឹមដល់ការបង្កើតច្បាប់នេះ។
រដ្ឋាភិបាលបាននិយាយថា យានជំនិះដែលអាចបើកបរដោយខ្លួនឯងបានតែនៅលើផ្លូវហាយវេ អាចនឹងដាក់លក់នៅឆ្នាំក្រោយ ប៉ុន្តែប្រជាជននៅតែត្រូវការអាជ្ញាប័ណ្ណដើម្បីប្រើប្រាស់វានៅលើផ្លូវប្រភេទផ្សេងៗគ្នា។ សកម្មភាពផ្សេងទៀតមានស្វ័យភាពទាំងស្រុង ហើយអាចត្រូវបានប្រើសម្រាប់ការចែកចាយ មិនត្រូវការអាជ្ញាប័ណ្ណទេ ហើយអាចដំណើរការក្នុងរយៈពេល៣ឆ្នាំ ប្រសិនបើចក្ខុវិស័យរបស់រដ្ឋាភិបាលត្រូវបានសម្រេច។
រថយន្តដែលមានសមត្ថភាពបើកបរដោយខ្លួនឯង ដូចជា Teslas ជារឿងធម្មតាទៅហើយនៅទីក្រុង មួយចំនួនរបស់អង់គ្លេស ហើយក្រុមហ៊ុនដូចជា Google កំពុងតែសាកល្បងរថយន្តស្វយ័តនៅលើផ្លូវសាធារណៈ ក្នុងសហរដ្ឋអាមេរិករួចហើយ។
បច្ចេកវិជ្ជានេះពឹងផ្អែកលើកាមេរ៉ាជាច្រើន និងឡាស៊ែរកំណត់ចម្ងាយដើម្បីរុករក និងសម្គាល់យានជំនិះ អ្នកថ្មើរជើង និងឧបសគ្គផ្សេងៗទៀត។ អ្នកគាំទ្រនិយាយថា វាអាចធ្វើឲ្យផ្លូវមានសុវត្ថិភាពជាងមុន និងកាត់បន្ថយកំហុសរបស់អ្នកបើកបរ ប៉ុន្តែការធ្វើតេស្តិ៍ និងច្បាប់ និងបទប្បញ្ញត្តិជុំវិញបច្ចេកវិទ្យានេះនៅតែកំពុងដំណើរការនៅឡើយ៕
ដោយ៖លី ភីលីព