អង់គ្លេស៖ ក្រុមហ៊ុនទឹកត្រូវបានគេចោទប្រកាន់ មិនបានត្រួតពិនិត្យចំនួនទឹកសំអុយ ដែលត្រូវបានបូមចូលសមុទ្រ ខណៈអ្នកនាំពាក្យបរិស្ថានរបស់ Lib Dems លោក Tim Farron និយាយថា ក្រុមហ៊ុនទឹក អាចមានកំហុស ចំពោះការធ្វេសប្រហែសធ្ងន់ធ្ងរ ដោយការខកខានក្នុងការដំឡើង ឧបករណ៍ត្រួតពិនិត្យទឹកស្អុយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារបរិស្ថាន បានវិភាគដោយគណបក្សប្រជាធិបតេយ្យសេរី បាននិយាយថា ម៉ូនីទ័រទឹកស្អុយបានដំឡើង ដោយក្រុមហ៊ុនទឹកនៅចក្រភពអង់គ្លេស មិនដំណើរការ ៩០ភាគរយនៃពេលវេលា ឬមិនត្រូវបានដំឡើងទាល់តែសោះ។ ការព្រមានពីការបំពុលរាប់សិប ត្រូវបានដាក់នៅទូទាំងឆ្នេរ និងកន្លែងហែលទឹកក្នុងចក្រភពអង់គ្លេស និងវេលស៍ក្នុងសប្តាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង លើប្រព័ន្ធលូនាំឲ្យក្រុមហ៊ុន ទឹកបញ្ចេញទឹកស្អុយទៅក្នុងបរិស្ថានធម្មជាតិ។
រដ្ឋមន្ត្រីកំពុងស្ថិតក្រោមសម្ពាធ ក្នុងការទប់ស្កាត់ក្រុមហ៊ុនទឹក ដែលកំពុងរងការរិះគន់ ចំពោះការមិនវិនិយោគប្រាក់ ត្រឡប់ទៅលើហេដ្ឋារចនាសម្ព័ន្ធទឹកហួសសម័យ របស់ចក្រភពអង់គ្លេស។ ឪពុករបស់ Boris Johnson លោក Stanley បានស្តីបន្ទោសរដ្ឋបាលរបស់កូនប្រុសរបស់លោកចំពោះបញ្ហាទឹកស្អុយ។
បទសម្ភាសន៍ជាមួយបងស្រីរបស់នាយករដ្ឋមន្ត្រី Rachel Johnson តាមវិទ្យុ LBC លោក Stanley Johnson បាននិយាយថា យើងត្រូវបន្ទោសរដ្ឋាភិបាល ចំពោះការមិនសង្កត់លើបញ្ហានេះ ឲ្យខ្លាំងដូចដែលវាគួរតែធ្វើ។ អវត្តមានការជំរុញរបស់សហភាពអឺរ៉ុបផងដែរ អ្នកអាចយល់ពីរបៀបរដ្ឋាភិបាល មានអារម្មណ៍ថាមិនអាចជំរុញរឿងនេះ ដូចដែលវាគួរតែជំរុញ៕ ដោយ៖លី ភីលីព