ញូវយ៉ក៖ ឯកសារតុលាការបានបង្ហាញថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កំពុងស្វែងរកឯកសារ ពីសហស្ថាបនិក Twitter និងមហាសេដ្ឋី Jack Dorsey ខណៈដែលស្ថាបនិក SpaceX បង្កើនការតស៊ូផ្លូវច្បាប់ របស់លោកប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។
ច្បាប់ចម្លងនៃដីកានេះបានបង្ហាញថា លោក Dorsey ដែលបានចាកចេញ ពីក្រុមប្រឹក្សាភិបាលរបស់ Twitter កាលពីខែឧសភា ត្រូវបានស្នើសុំឱ្យផ្តល់ឯកសារ និងការទំនាក់ទំនង អំពីកិច្ចព្រមព្រៀង របស់លោក Musk ដើម្បីទិញក្រុមហ៊ុននេះ នៅក្នុងខែមេសា។ ខ្លួនក៏បានស្នើសុំការទំនាក់ទំនង នៅលើគណនីសារឥតបានការ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម មួយនេះផងដែរ។
ដីកានេះកាលពីសប្តាហ៍មុនបានស្នើសុំឯកសារនិងការទំនាក់ទំនងលើការប្រើប្រាស់របស់ Twitter នៃ mDAU ដែលជា “ម៉ែត្រគន្លឹះ” ដែលប្រើដើម្បីវាស់ស្ទង់ចំនួនអ្នកប្រើសកម្មរបស់វេទិកានេះ។
លោក Musk បានអះអាងថា ក្រុមហ៊ុន Twitter មិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីគណនីក្លែងក្លាយ ឬ bots នោះទេ ហើយក្រុមហ៊ុន Twitter បានវាយបកវិញដោយលើកហេតុផលថាស្ថាបនិក Tesla គ្រាន់តែរកផ្លូវចេញពីការកាន់កាប់បណ្ដាញសង្គមមួយនេះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបាត់បង់ច្រើនជាង ១០០ពាន់លានដុល្លារនៃតម្លៃរបស់ពួកគេ បន្ទាប់ពីលោក Musk បានយល់ព្រមបង់ប្រាក់ ៣៨ភាគរយលើសពីតម្លៃភាគហ៊ុនរបស់ Twitter ៕ ប្រែសម្រួល ឈូក បូរ៉ា