បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធតុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានព្យួរនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ពីតួនាទីជាផ្លូវការ បន្ទាប់ពីខ្លួនបានសម្រេចចិត្តស្តាប់ញត្តិ ដើម្បីពិនិត្យឡើងវិញនូវ ការកំណត់អាណត្តិរយៈពេល ៨ឆ្នាំរបស់លោក ។
តុលាការបានប្រកាស ពីចំណាត់ការនេះក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។ វាមិនច្បាស់ទេថា នៅពេលណាដែលខ្លួន នឹងចេញសេចក្តីសម្រេចចុងក្រោយ លើញត្តិដែលនាំមកដោយ គណបក្សប្រឆាំងដ៏សំខាន់នោះទេ ។
“តុលាការបានពិចារណាលើញត្តិ និងឯកសារភ្ជាប់មកជាមួយ ។ វាបានមើលឃើញថា អង្គហេតុដែលរួមបញ្ចូលក្នុងញត្តិ បង្ហាញពីការសង្ស័យសមហេតុសមផល ដែលញត្តិមានមូលដ្ឋាន” ។
ដូច្នេះហើយ វាបានឈានដល់ ការបោះឆ្នោតភាគច្រើន ៥/៤ សម្រាប់អ្នកឆ្លើយសំណួរ ដើម្បីព្យួរតួនាទីនាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ រហូតដល់តុលាការចេញសាលក្រម ។
តុលាការបានឲ្យដឹងថា លោក ប្រាយុទ្ធ តម្រូវឱ្យផ្តល់ការបំភ្លឺដល់ តុលាការក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីទទួលបានច្បាប់ចម្លងនៃសំណើនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា