ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Moderna ប្តឹង Pfizer/BioNTech ពីបទរំលោភប៉ាតង់លើវ៉ាក់សាំង COVID

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Moderna កំពុងប្តឹងក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ពីបទរំលោភប៉ាតង់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដំបូងដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក។

ពាក្យបណ្តឹងដែលស្វែងរកការខូចខាតរូបិយវត្ថុ មិនអាចកំណត់បាននោះបានចោទប្រកាន់ថា ពួកគេបានចម្លងបច្ចេកវិទ្យា Moderna បានអភិវឌ្ឍជាច្រើនឆ្នាំមុនជំងឺរាតត្បាត។ នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយថា យើងកំពុងដាក់ពាក្យបណ្តឹងទាំងនេះ ដើម្បីការពារវេទិកាបច្ចេកវិទ្យា mRNA ប្រកបដោយភាពច្នៃប្រឌិត ដែលយើងបានត្រួសត្រាយ វិនិយោគរាប់ពាន់លានដុល្លារ នៃការបង្កើត និងធ្វើប៉ាតង់ក្នុងអំឡុងទសវត្សរ៍មុនការរាតត្បាតនៃ COVID-19។

លោក Bancel បានបន្តថា ក្រុមហ៊ុនកំពុងបន្តប្រើប្រាស់ បច្ចេកវិទ្យាដើម្បីអភិវឌ្ឍការព្យាបាល សម្រាប់ជំងឺផ្តាសាយ និងមេរោគអេដស៍ ក៏ដូចជាជំងឺអូតូអ៊ុយមីន និងជំងឺសរសៃឈាមបេះដូង និងទម្រង់ដ៏កម្រនៃជំងឺមហារីក។

លោក Shannon Thyme Klinger ប្រធានផ្នែកច្បាប់របស់ Moderna បានបន្ថែមថា យើងជឿថា Pfizer និង BioNTech បានចម្លងការច្នៃប្រឌិតរបស់ Moderna ដោយខុសច្បាប់ ហើយពួកគេបានបន្តប្រើប្រាស់វា ដោយគ្មានការអនុញ្ញាត។ Moderna Inc និងភាពជាដៃគូរបស់ Pfizer Inc និង BioNTech គឺជាក្រុម២ក្នុងចំណោមក្រុមដំបូងគេ ដែលបង្កើតវ៉ាក់សាំងសម្រាប់ COVID។

ទើបតែមានអាយុមួយទសវត្សរ៍ប៉ុណ្ណោះ Moderna ជាអ្នកបង្កើតថ្មី នៅក្នុងបច្ចេកវិទ្យាវ៉ាក់សាំង RNA (mRNA) ដែលដំណើរការដោយការបង្រៀនកោសិកាមនុស្សពីរបៀបបង្កើតប្រូតេអ៊ីន នឹងបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ៕ ដោយ៖លី ភីលីព

Most Popular

To Top