ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដុតបំផ្លាញឧស្ម័ន ខណៈអឺរ៉ុបចេញច្បាប់ ស្តីពីថាមពល

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា យោងតាមការវិភាគ ដែលចែករំលែកជាមួយ BBC News បានឱ្យដឹងថា ខណៈដែលថាមពលរបស់អឺរ៉ុប មានតម្លៃកើនឡើងយ៉ាងខ្លាំង ប្រទេសរុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិយ៉ាងច្រើន ។

ពួកគេលើកឡើងថា រោងចក្រនេះនៅជិតព្រំដែន ជាមួយប្រទេសហ្វាំងឡង់ កំពុងដុតឧស្ម័ន ដែលមានតម្លៃប្រមាណ៨,៤ លានដុល្លារជារៀងរាល់ថ្ងៃ ។

អ្នកជំនាញលើកឡើងថា ឧស្ម័ននេះនឹងត្រូវបាននាំចេញ ទៅប្រទេសអាល្លឺម៉ង់កាលពីមុន ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំចក្រភពអង់គ្លេសបានប្រាប់ដល់ទូរទស្សន៍ BBC News ថា រុស្ស៊ីកំពុងដុតឧស្ម័ននេះ ដោយសារតែ “ពួកគេមិនអាចលក់វា នៅកន្លែងផ្សេងបានទេ” ។

អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ អំពីបរិមាណដ៏ច្រើន នៃកាបូនឌីអុកស៊ីត និងកំណកដែលវាកំពុងបង្កើត ដែលអាចធ្វើឱ្យការរលាយនៃទឹកកកអាកទិកកាន់តែធ្ងន់ធ្ងរ ។

ការវិភាគដោយ Rystad Energy បង្ហាញថា ឧស្ម័នប្រហែល៤,៣៤លានម៉ែត្រគូប ត្រូវបានដុតដោយអណ្តាតភ្លើងជារៀងរាល់ថ្ងៃ ។

ករណីនេះកើតឡើងមក ពីរោងចក្រឧស្ម័នធម្មជាតិរាវថ្មី ហៅកាត់ថា (LNG) នៅក្រុង Portovaya ភាគពាយព្យនៃទីក្រុង St Petersburg ។

សញ្ញាដំបូងដែលថាមានអ្វីខុសឆ្គង បានមកពីពលរដ្ឋហ្វាំងឡង់នៅព្រំដែនក្បែរនោះ ដែលបានប្រទះឃើញអណ្តាតភ្លើងដ៏ធំមួយ នៅលើជើងមេឃកាលពីដើមរដូវក្តៅនេះ ។

ក្រុង Portovaya មានទីតាំងនៅជិតស្ថានីយ៍បង្ហាប់ នៅដើមបំពង់ Nord Stream 1 ដែលដឹកនាំឧស្ម័ននៅក្រោមសមុទ្រទៅកាន់ប្រទេសអាល្លឺម៉ង់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top