ព័ត៌មានអន្តរជាតិ

ក្រិក បើកត្រៀមប្រព័ន្ធការពារ ដែនអាកាស ក្រោយយន្តហោះចម្បាំងតួគី ហោះក្បែរព្រំដែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសក្រិក បានដាក់ឲ្យត្រៀមប្រតិបត្តិការភ្លាមៗ ក្រោយពេលដែលយន្តហោះចម្បាំងរបស់តួគី បានធ្វើការហោះហើរ ក្បែរទៅនឹងព្រំដែនទឹករបស់ខ្លួន លើសមុទ្រមេឌីទែរ៉ាណេខាងកើត។

ប្រភពដដែលបានឲ្យដឹងដែរថា យន្តហោះតួគីប្រភេទ F-16 បានបើកប្រតិបត្តិការហោះហើរ ក្បែរទៅនឹងសមុទ្រ Aegean និងភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ នៅក្នុងដែនសមុទ្រអាកាសអន្តរជាតិ តាំងតែពីថ្ងៃទី២៣ ខែសីហា ខណៈដែលប្រព័ន្ធការពារអាកាស S-300 ដែលផលិតនៅរុស្សី បានបើកដំណើរការត្រៀមនៅលើកោះ Crete ប្រទេសក្រិក។

ទោះបីជាយ៉ាងណាក្តី យន្តហោះតួគីទាំងនោះ ត្រូវបានគេដឹងដែរថា បានធ្វើការហោះកាត់ពីលើប្រព័ន្ធការពារនេះ ក្នុងរយៈកំពស់៣គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភាគខាងលិច នៃកោះ Rhodes។ សារព័ត៌មានក្នុងប្រទេសក្រិក បានហៅសកម្មភាពនេះជាការបង្កហេតុ ហើយចោទតួគីថា ដោយសារតែចង់ដឹងអំពីទីតាំង S-300 របស់ក្រិកលើកោះ Crete ស្ថិតនៅត្រង់ណាផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top