ព័ត៌មានអន្តរជាតិ

កម្ពុជានាំយក មន្ត្រី បច្ចេកទេស និង គ្រូបង្វឹក បាល់ទះ ឆ្នេរខ្សាច់មកពី គុយបា ត្រៀមស៊ីហ្គេម ២០២៣

តាម រយៈ កិច្ច សហប្រតិបត្តិការ រវាង សហព័ន្ធ កីឡា បាល់ទះ កម្ពុជា ជាមួយ ស្ថានទូត គុយបា ប្រចាំ ប្រទេស កម្ពុជា ពេល នេះ មន្ត្រី បច្ចេកទេស និង គ្រូ បង្វឹក បាល់ទះ ឆ្នេរ ខ្សាច់ មក ពី គុយបា ចំនួន ៤រូប បាន ធ្វើ ដំណើរ មក ដល់ រាជធានី ភ្នំពេញ ហើយ ដើម្បី ជួយ ការងារ បច្ចេកទេស ដល់ ក្រុម បាល់ទះ ឆ្នេរ ខ្សាច់ កម្ពុជា ត្រៀម ដណ្តើម មេដាយ ក្នុង ពេល ធ្វើ ម្ចាស់ ផ្ទះ ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ខាង មុខ។
មន្រ្តី សហព័ន្ធ កីឡា បាល់ទះ កម្ពុជា មាន លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការ រង សហព័ន្ធ កីឡា បាល់ទះ កម្ពុជា ក្រុម គ្រូ បង្វឹក និង កីឡាករ ជម្រើសជាតិ ឆ្នេរ ខ្សាច់ កម្ពុជា បាន ទទួល មន្រ្តី បច្ចេកទេស និង គ្រូ បង្វឹក បាល់ទះ ឆ្នេរ ខ្សាច់ ទាំង ៤ ក្នុង ការិយាល័យ របស់ សហព័ន្ធ កីឡា បាល់ទះ ក្នុង ពហុ កីឡដ្ឋាន ជាតិ នៅ រាជធានី ភ្នំពេញ នា រសៀល ថ្ងៃ ចន្ទ ទី ២៩ ខែ សីហា ឆ្នាំ ២០២២ នេះ។

ជាមួយ គ្នា នោះ ដែរ មន្រ្តីបច្ចេកទេស និង គ្រូ បង្វឹក គុយបា បាន ត្រួត ពិនិត្យ មើល ពី បច្ចេកទេស របស់ កីឡាករ បាល់ទះ ឆ្នេរ ខ្សាច់ កម្ពុជា ក្នុង ទីលាន ហ្វឹកហាត់ នៅ បរិវេណ ពហុ កីឡដ្ឋាន ជាតិ ផង ដែរ។ មន្រ្តី បច្ចេកទេស និង គ្រូ បង្វឹក ទាំង ៤ រូប ជា ជនជាតិ គុយបា មាន លោក Karell Pena Ventoza (គ្រូ បង្វឹក បាល់ទះ ឆ្នេរ ខ្សាច់) លោក Berto Friol Barrios (គ្រូ បង្វឹក បាល់ទះ ក្នុង សាល) លោក Leonid Abum Castillo និង កញ្ញា Natyelis Riol Cardenas។

លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ រង សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បាន ប្រាប់ អ្នក សារព័ត៌មាន ថា៖«យើង នាំ យក ពួកគាត់ មក នេះ បន្ទាប់ ពី ការ អនុញ្ញាត ពី ឯកឧត្តម សន្តិ បណ្ឌិត នេត សាវឿន ប្រធាន សហព័ន្ធ កីឡា បាល់ទះ កម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធាន ប្រធាន សហព័ន្ធ ហើយ ជាក់ ស្តែង ថ្ងៃ នេះ តាម រយៈ ឯកឧត្តម ជា ពៅ យើង ឃើញ ថា គ្រូ បង្វឹក ខាង គុយបា មាន ២វិញ្ញាសា មក មាន បាល់ទះ ក្នុង សាល និង បាល់ទះ ឆ្នេរ ខ្សាច់។ ប៉ុន្តែ តាម ការ ណែនាំ របសលោកប្រធាន និង លោក អនុ ប្រធាន សហព័ន្ធ គឺ យើង ត្រូវការ ជា ចាំ បាច់ ផ្នែក បាល់ទះ លើ ឆ្នេរ ខ្សាច់»។
 
លោក អគ្គលេខាធិការ សហព័ន្ធ បាន បន្ថែម ថា៖«ដូច យើង បាន ដឹង ហើយ ថា ក្រុម បាល់ទះ ឆ្នេរ ខ្សាច់ របស់ យើង មិន អន់ ពេក ទេ ទោះបី ការ ហ្វឹកហាត់ របស់ យើង មិន ទាន់ ដល់ ស្តង់ដារ ក៏ ពិតមែន ក្នុង ការ ប្រកួត ស៊ីហ្គេម នៅ វៀតណាម ថ្មីៗនេះ យើង បាន ឈ្នះ លេខ៥ ដែរ។ ប៉ុន្តែ ក្នុង នាម ជា ថ្នាក់ដឹកនាំ សហព័ន្ធ យើង មិន ចង់ បាន ចំណាត់ ថ្នាក់ នោះ ទេ គឺ យើង ចង់ បាន មេដាយ»។

លោក បណ្ឌិត អាំង សិរីពិសិដ្ឋ បន្ត ថា៖«យើង អញ្ជើញ គ្រូ គុយបា មក គឺ ធ្វើ ជា គ្រូ បង្គោល សម្រាប់ បាល់ទះ ឆ្នេរ ខ្សាច់ ទន្ទឹម នឹង នេះ ក៏ យើង ត្រូវ មើល ពី បច្ចេកទេស នៃ ការ បង្វឹក របស់ គាត់ ដែរ តើ គាត់ ខ្លាំង ជាង? ឬ ប្រហាក់ ប្រហែល? ឬ ខ្សោយ ជាង គ្រូ របស់ កម្ពុជា យើង។ ខ្ញុំ សង្ឃឹម ថា ជា លក្ខណៈ សាកល្បង ២ឬ៣ ខែ នេះ គាត់ នឹង បង្ហាញ ពី លទ្ធផល មក យើង ខ្លះ ថា ការ អភិវឌ្ឍន៍ សមត្ថភាព ជំនាញ របស់ កីឡា បាល់ទះ ឆ្នេរ ខ្សាច់ របស់ យើង កើន ឡើង ឬអត់?។ យើង គ្រោង រៀបចំ ពានរង្វាន់ បាល់ទះ ឆ្នេរ ខ្សាច់ មួយ ដើម្បី ឱ្យ ពួក គាត់ បាន សាកល្បង បច្ចេកទេស ។ ដូច្នេះ លទ្ធផល យើង នឹង បាន ដឹង ច្បាស់»។
ចំពោះ គ្រូ បង្វឹក គុយបា ជំនាញ ខាង បាល់ទះ ក្នុង សាល វិញ ថ្នាក់ ដឹកនាំ សហព័ន្ធ ខាង លើ សង្កត់ ធ្ងន់ ថា៖«សម្រាប់ គ្រូ បង្វឹក ដែល ជំនាញ ខាង បាល់ទះ ក្នុង សាល វិញ យើង មាន គ្រូ បង្វឹក ជនជាតិ ចិន Li Jun ជនជាតិ ចិន រួចរាល់ ហើយ ដោយ លោក ក៏ ធ្លាប់ បាន ចូលរួម ជាមួយ យើង បំបែក កំណត់ត្រា ជា ប្រវត្តិសាស្ត្រ ដោយ ឈ្នះ មេដាយ សំរឹទ្ធិ ក្នុង ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម នៅ វៀតណាម ថ្មីៗ នេះ ផង ដែរ។យើង ចង់ រក្សា មេដាយ នេះ ឱ្យ គង់ នៅ ឆ្នាំ ២០២៣ ខាង មុខ ឬ មេដាយ ខ្ពស់ ជាង ឆ្នាំ ចាស់។ ដូច្នេះ លោក គ្រូ គុយបា គាត់ នឹង អាច ជា គ្រូ ជំនួយ ឬ ដើរ តួរ នាយក បច្ចេកទេស ដែល ប្រឹក្សា យោបល់ នៃ ការ ហ្វឹកហាត់ ឬ យុទ្ធសាស្ត្រ ក្នុង ការ ប្រកួត។ បើ គាត់ ព្រមព្រៀង ក្នុង លក្ខខណ្ឌ នេះ យើង រក្សា គាត់។ តែ គាត់ មាន បំណង ចង់ ចូលរួម ជាមួយ យើង ពេញ ដៃ ពេញ ជើង។ ប៉ុន្តែ យើង នៅ តែ ចង់ មើល ពី លទ្ធផល នៃ ការ បង្វឹក គាត់ សិន ដូចគ្នា»៕
 

Most Popular

To Top