ព័ត៌មានអន្តរជាតិ

កាសែត WSJ៖ ឃ្លាំងស្តុកកាំភ្លើងធំ របស់អាមេរិក ស្ថិតនៅកម្រិត «ទាប» បន្ទាប់ពីផ្តល់ជំនួយឱ្យអ៊ុយក្រែន

បរទេស៖ យោធាអាមេរិកកំពុង មានកម្រិតទាបលើប្រភេទគ្រាប់រំសេវមួយចំនួន បន្ទាប់ពីសេតវិមានបានយល់ព្រម និងផ្តល់ប្រាក់រាប់ពាន់លានដុល្លារជា “ជំនួយជាសព្វាវុធ” សម្រាប់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក។ នេះបើតាមមន្ត្រីយោធាជាច្រើនបានប្រាប់កាសែត Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ថែមពីលើកាំភ្លើង យន្តហោះគ្មានមនុស្សបើក មីស៊ីល កាំភ្លើងធំ និងឧបករណ៍បាញ់រ៉ុក្កែតរាប់ពាន់ដើម គឺ ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ដល់ទីក្រុងគៀវជាមួយនឹងគ្រាប់ជាច្រើន រួមទាំងគ្រាប់កាំភ្លើងធំរហូតដល់ ៨០៦ ០០០ កម្រិត ១៥៥mm។ ស្តុកគ្រាប់រំសេវក្រោយៗនេះកំពុងដំណើរការ«ទាប» នេះបើតាមមន្ត្រីមន្ទីរបញ្ចកោណដែលមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់សារព័ត៌មាន Journal។

មន្ត្រីរូបនេះបានបន្ថែមថា “វាមិនស្ថិតក្នុងកម្រិតដែលយើងចង់ចូលទៅក្នុងការប្រយុទ្ធនោះទេ” ទោះបីជាបានកត់សម្គាល់ថា ចាប់តាំងពីសហរដ្ឋអាមេរិកមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះធំណាមួយក៏ដោយ គ្រាប់កម្រិត ១៥៥mm មិនទាន់ឈានដល់កម្រិត “សំខាន់” នៅឡើយ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top