តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា កោះតៃវ៉ាន់បានឲ្យដឹង នៅថ្ងៃពុធនេះថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួន និង “ប្រឆាំងការវាយប្រហារ” ប្រសិនបើកងកម្លាំងប្រដាប់អាវុធចិន ចូលទឹកដីរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង បង្កើនសកម្មភាពយោធា នៅជិតដែនកោះនេះ ។
ក្រុងប៉េកាំងដែលអះអាងថា កោះតៃវ៉ាន់ជារបស់ខ្លួន ប្រឆាំងនឹងការជំទាស់យ៉ាងខ្លាំង ពីរដ្ឋាភិបាលក្រុងតៃប៉ិ បានធ្វើសមយុទ្ធយោធា នៅជុំវិញកោះក្នុងខែនេះ ដើម្បីជាប្រតិកម្មចំពោះដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភា តំណាងសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ។
មន្ត្រីការពារជាតិកោះតៃវ៉ាន់ បានលើកឡើងថា ការល្បាតយោធា “ខ្លាំង” របស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់នៅតែបន្ត ហើយចេតនារបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់ បំបែកភាគីទាំង២ “សមុទ្រខាងក្នុង” នឹងក្លាយជាប្រភពសំខាន់ នៃអស្ថិរភាពក្នុងតំបន់ ។
លោក Lin Wen-Huang អនុប្រធានអគ្គសេនាធិការរង ទទួលបន្ទុកប្រតិបត្តិការ និងរៀបចំផែនការ បានលើកឡើងថា “សម្រាប់យន្តហោះ និងកប៉ាល់ដែលបានចូលដែនសមុទ្រ និងដែនអាកាសរបស់យើង ដែលមានចម្ងាយ១២ម៉ាយក្នុងសមុទ្រ កងទ័ពជាតិនឹងអនុវត្តសិទ្ធិការពារខ្លួន និងប្រឆាំងការវាយប្រហារ ដោយគ្មានករណីលើកលែង”។ ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ។
កោះតៃវ៉ាន់បានត្អូញត្អែរ ពីយន្តហោះគ្មានមនុស្សបើក របស់ប្រទេសចិន ម្តងហើយម្តងទៀតហោះហើរ ជិតប្រជុំកោះតូចៗរបស់ខ្លួន ក្បែរឆ្នេរសមុទ្រចិន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា