ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀមបំពេញស្ដុកឧស្ម័ន ខណៈការចែកចាយឧស្ម័ន របស់ រុស្ស៊ី ត្រូវ បាន ផ្អាក តាម រយៈ Nord Stream 1

បឺលីន ៖ ទីភ្នាក់ងារបណ្តាញសហព័ន្ធ (BNetzA) របស់ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរ Nord Stream 1 ដ៏សំខាន់ត្រូវបានកាត់បន្ថយ មកត្រឹមសូន្យម្តងទៀត កាលពីថ្ងៃពុធ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា “ការចែកចាយឧស្ម័នតាមរយៈ Nord Stream 1 ត្រូវបានផ្អាកដោយភាគីរុស្ស៊ីដោយយោងទៅលើការថែទាំ ដែលត្រូវបានចោទប្រកាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នេះជាលើកទីពីរហើយ ដែលការផ្គត់ផ្គង់ ត្រូវបានកាត់បន្ថយ ដោយសារការងារថែទាំ បន្ទាប់ពីលំហូរឧស្ម័នត្រូវបានបន្តឡើងវិញនៅចុងខែកក្កដា សមត្ថភាពត្រូវបានកាត់បន្ថយបន្ថែមទៀតពី ៤០ ភាគរយទៅ ២០ភាគរយភ្លាមៗបន្ទាប់ពីនោះ។

ដើម្បីត្រៀមខ្លួនសម្រាប់រដូវរងា រដ្ឋាភិបាលអាល្លឺម៉ង់ បានកំណត់តម្រូវការតឹងរ៉ឹងជាង មុនសម្រាប់ការបំពេញកន្លែងផ្ទុកឧស្ម័ន។ គោលដៅបណ្តោះអាសន្ននៃ ៧៥ភាគរយនៅខែកញ្ញា ត្រូវបានលើសរួចទៅហើយ ខណៈដែលការផ្ទុករបស់ប្រទេសនេះគឺ ៨៤ភាគរយពេញ។

ប្រធាន BNetzA លោក Klaus Mueller បានលើកឡើងថា “ប្រទេសអាល្លឺម៉ង់ ត្រូវបានរៀបចំកាន់តែប្រសើរឡើង សម្រាប់ ‘ការថែទាំ’ ជាថ្មីនៃបំពង់ Nord Stream 1” ។ គោលដៅចុងក្រោយនៃសមត្ថភាព ៩៥ភាគរយ គឺត្រូវសម្រេចនៅខែវិច្ឆិកា។

ប្រទេស សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប កំពុងពឹងផ្អែកខ្លាំងលើការនាំចូលឧស្ម័ន។ យោងតាមការិយាល័យ ស្ថិតិសហព័ន្ធ (Destatis) បានឱ្យដឹងថាកាលពីឆ្នាំមុន ៩៥ភាគរយ នៃឧស្ម័នធម្មជាតិដែលបានបញ្ចូលទៅក្នុងបណ្តាញអគ្គិសនី របស់ប្រទេសអាល្លឺម៉ង់ ត្រូវបាននាំចូល។

ដើម្បីក្លាយជាប្រទេស មិនសូវពឹងផ្អែកលើការនាំចូលឧស្ម័ន រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តច្បាប់ថ្មីមួយ ដើម្បីពន្លឿនការសាងសង់បំពង់បង្ហូរប្រេង និងស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ដែលផ្អែកលើដី និងអណ្តែតទឹក៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top