ព័ត៌មានអន្តរជាតិ

អ៊ីតាលី កំពុងស្ថិតក្នុងកិច្ចពិភាក្សាផ្តាច់មុខ ដើម្បីលក់ក្រុមហ៊ុនអាកាសចរណ៍ ITA Airways ទៅឲ្យក្រុមហ៊ុនបារាំង និងអាមេរិក

រ៉ូម៖ នាយកដ្ឋានរតនាគាររបស់ប្រទេសអ៊ីតាលី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចូលទៅក្នុងកិច្ចពិភាក្សា “ផ្តាច់មុខ” ជាមួយក្រុមហ៊ុនដែលរួមមាន ក្រុមហ៊ុនអាកាសចរណ៍បារាំង-ហូឡង់ Air France-KLM និងក្រុមហ៊ុនអាកាសចរណ៍ Delta ពីសហរដ្ឋអាមេរិកលើការកាន់កាប់ ក្រុមហ៊ុនអាកាសចរណ៍ ITA ទង់ជាតិថ្មីរបស់ប្រទេសអ៊ីតាលី។

Italia Trasporto Aereo (ITA) ដែលជាក្រុមហ៊ុនស្នងតំណែង ពីការក្ស័យធនរបស់ក្រុមហ៊ុន Alitalia ដែលបានដំណើរការតាំងពីឆ្នាំ១៩៤៧ បានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំមុន។ ITA ត្រូវបានគ្រប់គ្រងដោយរដ្ឋអ៊ីតាលីចាប់តាំងពីវាត្រូវបានបង្កើតឡើង ទោះបីជារតនាគាររបស់ប្រទេសនេះ កំពុងធ្វើការចរចា ដើម្បីលក់ក្រុមហ៊ុនក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ រតនាគារបានបញ្ជាក់ថា ខ្លួនបានបើកការចរចាផ្តាច់មុខ ជាមួយក្រុមហ៊ុនដែលដឹកនាំដោយ ក្រុមហ៊ុនភាគហ៊ុនឯកជន Certares រួមជាមួយក្រុមហ៊ុន Air France-KLM និង Delta។

របាយការណ៍ព័ត៌មានបង្ហាញថា សម្ព័ន្ធក្រុមហ៊ុននឹងបង់ប្រាក់ឱ្យរដ្ឋាភិបាលអ៊ីតាលី ប្រហែល ៣៣៥ លានអឺរ៉ូ (៣៣៥លានដុល្លារអាមេរិក) សម្រាប់ភាគហ៊ុនគ្រប់គ្រង នៅក្នុងក្រុមហ៊ុន ITA ដោយរតនាគាររក្សាភាគហ៊ុន ៤៩ ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុន រួមជាមួយកៅអីពីរ នៅលើក្រុមប្រឹក្សាភិបាល ដែលមានសមាជិក ៥រូបរបស់ក្រុមហ៊ុន និងនាយក។

មន្ត្រីសារព័ត៌មានម្នាក់មកពីរតនាគារ បានបញ្ជាក់ពីព័ត៌មាននៃកិច្ចពិភាក្សា “ផ្តាច់មុខ” នៅពេលដែលត្រូវបានទាក់ទង ដោយស៊ិនហួ ទោះបីជាមន្ត្រីរូបនេះមិនបានធ្វើអត្ថាធិប្បាយ លើតម្លៃនៃកិច្ចព្រមព្រៀង ដូចដែលបានរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីក៏ដោយ។

រហូតមកដល់សប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលត្រូវបានគេរាយការណ៍ថា បានកំពុងចរចាជាមួយក្រុមហ៊ុន យ៉ាងហោចណាស់ពីរ ដែលក្រុមមួយទៀតជាក្រុម ដែលរួមមានក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa និងក្រុមហ៊ុនដឹកជញ្ជូនមេឌីទែរ៉ាណេ ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រដ៏ធំបំផុត របស់ពិភពលោក និងជាប្រតិបត្តិករនាវាចរណ៍ ឈានមុខគេ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top